ស៊ីដនី៖ ករណីថ្មីនៃជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅរដ្ឋ Victoria និងរដ្ឋ New South Wales របស់អូស្ត្រាលីដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនូវមេរោគដ៏អាក្រក់បំផុតរបស់ប្រទេសនេះបានធ្លាក់ចុះកាលពីថ្ងៃពុធ ខណៈដែលអាជ្ញាធរកំពុងសម្លឹងរកមើលការចាប់ផ្តើមបន្ធូរបន្ថយលើការរឹតបន្តឹងដ៏តឹងរ៉ឹង ចំពេលអត្រាចាក់វ៉ាក់សាំងមានការកើនឡើង ។
ករណីថ្មីដែលរកឃើញក្នុងស្រុកសរុបចំនួន ១.៤២០ ករណី ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Victoria ដែលភាគច្រើននៅក្នុងទីក្រុងមែលប៊ន ធ្លាក់ចុះពី ១.៧៦៣ ករណី កាលពីថ្ងៃអង្គារ។ ការស្លាប់ថ្មីចំនួន ១១ នាក់ ត្រូវបានចុះបញ្ជី ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតរបស់រដ្ឋនៅក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្ន។
ជាងនេះទៀតសោដ អាជ្ញាធររដ្ឋ Victoria មានគម្រោងបន្ធូរបន្ថយការរឹតត្បិតតឹងរ៉ឹងខ្លះនៅពេលដែលមនុស្ស ៧០% នៃក្រុមមនុស្សពេញវ័យត្រូវបានចាក់វ៉ាក់សាំងពេញលេញ ដែលរំពឹងទុកនៅចុងខែតុលានេះ។ ការទប់ស្កាត់បន្ថែមទៀតនឹងត្រូវបានបន្ធូរបន្ថយនៅពេលអត្រាចាក់វ៉ាក់សាំងកើនដល់ ៨០%។
គួររំលឹកថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅអូស្រ្តាលី ទាបជាងបណ្តាប្រទេសដ៏ទៃផ្សេងទៀតបើធ្វើការប្រៀបធៀបទៅ ដោយមានករណីឆ្លងតែប្រហែល ១១៧.៨០០ ករណី និងមានអ្នកស្លាប់ ១.៣៧៩ នាក់ ប៉ុណ្ណោះ។ NR