នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រំពឹងថានឹងលាលែងពីតំណែង បន្ទាប់ពីមានវិបត្តិនយោបាយជាច្រើនខែ
គូឡាឡាំពួ៖ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានផ្សាយថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin ត្រូវបានគេរំពឹងថានឹងចុះចេញពីតំណែងនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីបាត់បង់សំឡេងភាគច្រើននៅក្នុងសភា ដោយសារតែភាពមិនចុះសម្រុងគ្នានៅក្នុងក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់លោក។
ជាក់ស្តែង ប្រសិនបើមានការបញ្ជាក់ការលាលែងពីតំណែងរបស់ លោក Muhyiddin Yassin នឹងបញ្ចប់នូវភាពច្របូកច្របល់រយៈពេល ១៧ ខែ នៅក្នុងការកាន់តំណែង ប៉ុន្តែក៏បង្កើតភាពមិនច្បាស់លាស់នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ នៅពេលដែលប្រទេសនេះកំពុងប្រឈមមុខនឹងករណីឆ្លងជំងឺកូវីដ១៩ កើនឡើង ក៏ដូចជាវិបត្តិសេដ្ឋកិច្ចផងដែរ។
វាមិនច្បាស់ភ្លាមៗទេ ថាអ្នកណាអាចបង្កើតរដ្ឋាភិបាលបន្ទាប់ដោយគ្មាននរណាមានសំឡេងភាគច្រើននៅក្នុងសភា ឬក៏ថាតើការបោះឆ្នោតអាចត្រូវបានរៀបចំឡើងក្នុងអំឡុងពេលមានជំងឺរាតត្បាតដែរឬយ៉ាងណា។
យ៉ាងណាម៉ិញ ការសម្រេចចិត្តនេះទំនងជាត្រូវបានប្រគល់ទៅក្នុងកណ្តាប់ដៃព្រះមហាក្សត្រ ធម្មនុញ្ញព្រះមហាក្សត្រ Al-Sultan Abdullah ដែលអាចតែងតាំងនាយករដ្ឋមន្រ្តីពីក្នុងចំណោមសមាជិកសភាជាប់ឆ្នោតដោយផ្អែកលើអ្នកដែលព្រះអង្គរំពឹងថា ទំនងជាអាចមានអំណាចអាចបញ្ជាបានភាគច្រើន។
យោងតាមលោក Mohd Redzuan Md Yusof ដែលជារដ្ឋមន្ត្រីនៅក្នុងនាយកដ្ឋាននាយករដ្ឋមន្រ្តីបានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក Muhyiddin Yassin ដែលប្រើរយៈពេលជាច្រើនសប្តាហ៍ប្រឆាំងនឹងការលាលែងពីតំណែង បានជូនដំណឹងដល់សមាជិកគណបក្សថា លោកនឹងដាក់លិខិតលាលែងពីតំណែងទៅព្រះមហាក្សត្រនៅថ្ងៃច័ន្ទនេះ។
គួររំលឹកថា ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំអាចរាំងស្ទះដល់កិច្ចប្រឹងប្រែងរបស់ម៉ាឡេស៊ីក្នុងការចាប់ផ្តើមឡើងវិញដើម្បីស្តារសេដ្ឋកិច្ច ដោយសារបញ្ហាជំងឺរាតត្បាត និងទប់ស្កាត់ការកើតឡើងវិញនៃករណីឆ្លងជំងឺកូវីដ១៩ ។ អត្រាឆ្លងនិងស្លាប់នៅម៉ាឡេស៊ី ក្នុងមួយលាននាក់គឺខ្ពស់បំផុតនៅក្នុងអាស៊ីអាគ្នេយ៍។ NR