ស្រណោះខ្លាំងណាស់! ក្រោយម្ចាស់រកឃើញវិជ្ជមានកូវីដ ១៩ ឆ្កែចិញ្ចឹមទាំង ១២ ក្បាលរបស់ពួកគេត្រូវបានអាជ្ញាធរដុតសម្លាប់ចោល
វៀតណាម៖ ខណៈការរីករាលដាលនៃជំងឺកូវីដ ១៩ បានកំពុងកើនឡើងក្នុងប្រទេសវៀតណាម ប្តីប្រពន្ធពីរនាក់ បានចាកចេញពីខេត្តឡុងអាន ដោយជិះម៉ូតូរួមជាមួយកញ្ចប់សត្វឆ្កែ ១២ ក្បាលរបស់ពួកគេ។ ប៉ុន្តែក្រោយមកពួកគេបានធ្វើតេស្ត រកឃើញវិជ្ជមាន Covid-19 ដូច្នេះអាជ្ញាធរបានដុតសម្លាប់ឆ្កែចិញ្ចឹមរបស់ពួកគេទាំង១២ ព្រោះខ្លាចវាអាចចម្លងវីរុសនេះ។
រឿងរ៉ាវនេះបានកំពុងផ្ទុះការចាប់អារម្មណ៍លើប្រព័ន្ធអ៊ីធើណែតក្នុងប្រទេសវៀតណាម ដោយកាលពីថ្ងៃទី៨ ខែតុលាកន្លងទៅនេះ ប្តីប្រពន្ធមួយគូបានចាប់ផ្តើមធ្វើដំណើរចំងាយ២៨០គីឡូម៉ែត្រជាមួយនឹងឆ្កែជាច្រើនក្បាលរបស់ពួកគេ ព្រមទាំងសាច់ញាតិចំនួន៣នាក់។ ពួកគេបានបង្ហោះវីដេអូពីការធ្វើដំណើរ ដោយបង្ហាញពីឆ្កែជាច្រើនក្បាល និងអីវ៉ាន់ជាច្រើននៅលើម៉ូតូ។ ប្តីប្រពន្ធវៀតណាមមួយគូនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម ហើយអ្នកលេងអ៊ីនធើរណេតបានលើកទឹកចិត្ត និងជូនពរឲ្យពួកគេធ្វើដំណើរដោយសុវត្ថិភាព។
អ្នកលេងអ៊ីនធឺណេតមួយចំនួនក៏បាននិយាយថា ពួកគេអាណិតប្តីប្រពន្ធ នោះជាខ្លាំង នៅពេលឃើញពួកគាត់ប្រើអាវភ្លៀងពាក់ឲ្យឆ្កែពេលកំពុងភ្លៀងខ្លាំង។ អ្នកខ្លះ បានផ្ញើទឹក និងអាហារឲ្យពួកគេទៀតផង។ លុះក្រោយមក ពេលធ្វើដំណើរដល់ស្រុក Khanh Hung នៃខេត្ត Long An ពួកគេតម្រូវឱ្យធ្វើតេស្ត រួចពិនិត្យឃើញថាពួកគេព្រមទាំងសាច់ញាតិមានវិជ្ជមានវីរុសកូវីដ ១៩ រួចពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ចំណែកឆ្កែត្រូវបានទុកនៅកន្លែងធ្វើចត្តាឡីស័ក។
បើតាមការបញ្ជាក់របស់សារព័ត៌មានវៀតណាម បានឱ្យដឹងថា អាជ្ញាធរក្នុងតំបន់បានដុតសម្លាប់ឆ្កែទាំង ១២ក្បាលរបស់ពួកគេ ដោយមិនបានប្រាប់ម្ចាស់មួយម៉ាត់។
ប្តីប្រពន្ធទាំងពីរនាក់បានសម្តែងក្តីសោកស្តាយ និងយំរហូត រួចពោលថា “ ខ្ញុំមិនចង់ជឿថាវាពិតជានោះទេ…ខ្ញុំមិនអាចធ្វើអ្វីដើម្បីការពារកូន ៗ ខ្ញុំទេ” ។
គួរបញ្ជាក់ថា រលកចុងក្រោយនៃកូវីដ -១៩ បានវាយប្រហារប្រទេសវៀតណាមយ៉ាងអាក្រក់បំផុតចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះមក៕HR