ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានសម្ដែងការខកចិត្ត ចំពោះទស្សនៈផ្ទាល់ខ្លួន របស់លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស បានចេញផ្សាយ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទាក់ទងនឹងស្ថានភាពសង្គម និងអ្នកការពារសិទ្ធិ មនុស្សនៅប្រទេសកម្ពុជា ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា កាលពីថ្ងៃទី១៦ វិច្ឆិកា បានឲ្យដឹងថា ការវាយតម្លៃលើប្រទេសមួយ ដែលអាចជឿជាក់បាន លុះត្រាតែផ្អែកលើបរិបទច្បាប់ និងហេតុការណ៍ពិត នៅនឹងកន្លែង ជាមួយប្រភពព័ត៌មាន ដែលមានការផ្ទៀងផ្ទាត់ និងទស្សនៈវិស័យរួម ។ វិធីសាស្ដ្រនេះមានលក្ខណៈស្របទៅនឹងក្រមសីលធម៌ សម្រាប់អ្នកទទួលអាណត្តិនីតិវិធីពិសេស (ជាពិសេស មាត្រា ៣ ៤ ៥ និង៦) និងសៀវភៅណែនាំប្រតិបត្តិការ នីតិវិធីពិសេស (ជាពិសេស កថាខណ្ឌ ២៤ និង៥០) ដែលរៀបរាប់លម្អិត អំពីគោលការណ៍ទូទៅ នៃការអនុវត្តការងារ ប្រកបដោយវិជ្ជាជីវៈ និងមិនលំអៀង សារសំខាន់នៃការប្រមូលព័ត៌មាន ដោយមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ និងការគោរព ឲ្យបានពេញលេញនូវច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេស ។

ជាការគួរឲ្យសោកស្ដាយយ៉ាងខ្លាំង ដែលលោកស្រី Mary Lawlor ពុំបានគោរពឲ្យបានម៉តចត់ នៅក្នុងផ្នែកជាច្រើននៃនី តិវិធីដែលបានរៀបរាប់ខាងលើ ដែលជាហេតុឲ្យ ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា ត្រូវចោទសួរលើភាពគួរឲ្យទុកចិត្តបាន ចំពោះទស្សនៈរបស់លោកស្រី មកលើកម្ពុជា។

ជាងនេះទៅទៀត ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា បានធ្វើការរំលឹកអ្នករាយការណ៍ពិសេសថា ការចូលរួមជាមួយគណ បក្សនយោបាយ ឬ អង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្ដល់សិទ្ធិឲ្យបុគ្គលម្នាក់ បំពានច្បាប់ដោយនិទណ្ឌភាពឡើយ ។ បទល្មើសដែលមានចែងក្នុងច្បាប់ គឺជាបទល្មើស ហើយគេមិនអាចប្រើប្រាស់ សកម្មភាពខុសច្បាប់នោះ ជាទឡី្ហករណ៍សម្រាប់ បុព្វហេតុផ្សេងណាមួយនោះទេ ។ 

បន្ថែមពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តបន្ត ធានាការអនុវត្តសិទ្ធិ និងសេរីភាពទាំងអស់ ដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញ និងនៅក្នុងក្របខ័ណ្ឌនីតិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍ របស់ពលរដ្ឋទាំងអស់ ដែលគោរពច្បាប់ មិនមែនសម្រាប់តែក្រុមជាក់លាក់ ណាមួយនោះឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ