មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិគ្រឿងញៀន ៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំងឺអេដស៍ បើគ្មានសាធារណៈជនចូលរួមទេ គឺមិនអាចទទួលជោគជ័យឡើយ
ភ្នំពេញ ៖ លោក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានថ្លែងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រយុទ្ធប្រឆាំងជំងឺអេដស៍ បើគ្មានសាធារណៈជនចូលរួមទេ គឺមិនអាចទទួលជោគជ័យបានឡើយ ដូច្នេះ សាធារណៈជនត្រូវចូលរួមជាមួយ សមត្ថកិច្ចដើម្បីឲ្យការងារទាំងនេះទទួលបានជោគជ័យ។
លោក នាក់ យុទ្ធា បានថ្លែងបែបនេះនៅក្នុងកម្មពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ នាព្រឹកថ្ងៃទី២៧ ខែតុ លា ឆ្នាំ២០២០នេះនៅទីស្ដីការក្រសួងមហាផ្ទៃ។
លោក បញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងបាន ការងារប្រយុទ្ធប្រឆាំងគ្រឿង និងការងារប្រយុទ្ធប្រ ឆាំងជំងឺអេដស៍/កាមរោគ ប្រសិនបើគ្មានការចូលរួមពីសាធារណៈជនទូទៅ ពីអង្គការសង្គមស៊ីវិល គឺយើងនឹងមិនអាចទទួលបានជោគជ័យល្អប្រសើរទេ»។
លោកបន្ដថា មន្ដ្រីអនុវត្តច្បាប់ នាពេលបច្ចុប្បន្ននេះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្ក្រាបគ្រឿងញៀន និងប្រយុទ្ធប្រឆាំងទៅនឹងជំងឺអេដស៍។ លោក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្ដអប់រំកូ នចៅរបស់ខ្លួនឲ្យដឹងអំពីផលប៉ះពាល់អំពីគ្រឿងញៀន និងយល់ដឹងអំពីការឆ្លងមេរោគអេដស៍។
ឆ្លៀតឱកាសនោះ លោក នាក់ យុទ្ធា ក៏បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋថា ប្រសិនបើមានកូនប្រើប្រាស់គ្រឿងញៀន ត្រូវយកគាត់ទៅកន្លែងព្យាបាល កុំឲ្យគាត់ប្រើប្រាស់គ្រឿងបន្ដទៀត។ លោកបន្ដថា ដរាមណា មានអ្នកប្រើប្រាស់គ្រឿងញៀន ទីផ្សារនៅតែមាន ហើយកម្ពុជានៅតែទទួលរងគ្រោះ ដូច្នេះ សូមប្រជាពលរដ្ឋត្រូវសហការជាមួយអាជ្ញាធរតាមមូលដ្ឋាន ដើម្បីបង្ក្រាបគ្រឿងញៀនឲ្យបានទាន់ពេលវេលា៕EB