សម្ដេចក្រឡាហោម ស ខេង ៖ ចាប់ពីឆ្នាំ១៩៩៣-២០២៣ កម្ពុជា ធ្វើការបោះឆ្នោតតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានថ្លែងថា ចាប់តាំងពីការបោះឆ្នោតជាតិ ឆ្នាំ១៩៩៣ រហូតមកទល់នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កម្ពុជា បានធ្វើការបោះឆ្នោតតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស។
នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ.ជ.ប អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ បានចូលរួមអនុវត្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនស្របតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធីនិងក្រមសីលធម៌នានា សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នេះទទួលបានលទ្ធផលល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ។
សម្តេចក្រឡាហោម មានប្រសាសន៍ថា «ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ ១៩៩៣ រហូតមកទល់នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់បានយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត សរុបចំនួន១៨ ក្នុងការបោះឆ្នោតរួចមកហើយ»។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីមជ្ឈដ្ឋានទូទៅទាំងជាតិ និងអន្តរជាតិ និងជាមោទនភាពដែលកម្ពុជាមានចំនួនអ្នកចូលរួមបោះឆ្នោតរហូតដល់ទៅ ៨៤.៥៩% ស្ថិតក្នុងចំណោមប្រទេសទាំង២០ ដែលមានចំនួនអ្នកបោះឆ្នោតច្រើនបំផុត ខណៈប្រទេសមហាអំណាចប្រជាធិបតេយ្យមួយចំនួន មានអ្នកទៅ បោះឆ្នោតពី ៥០% ទៅ ៧០% ប៉ុណ្ណោះ។
លើសពីនេះ ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានមតិជាតិ និងអន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ប្រកបដោយភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយត្រូវបានរៀបចំកាន់តែល្អប្រសើរឡើង ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ៕EB