សមាគមភស្តុភារកម្មកម្ពុជា អំពាវនាវឲ្យសមាជិក ចូលរួមអនុវត្តវិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាត ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
ភ្នំពេញ ៖ អនុវត្តតាមការអំពាវនាវ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ សមាគមភស្តុភារកម្មកម្ពុជា ធ្វើការអំពាវនាវដល់សមាជិកសមាគម ព្រមទាំង ប្រតិបត្តិករ ក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូនទំនិញទាំងអស់ មេត្តាសហការចូលរួមអនុវត្តនូវវិធានការសំខាន់ៗ។
តាមសេចក្តីអំពាវនាវរបស់ សមាគមភស្តុភារកម្មកម្ពុជា ដែលសារព័ត៌មាន NP News នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សមាគមភស្តុភារកម្មកម្ពុជា ធ្វើការអំពាវនាវ ដូចជា ៖
ទី១-ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារជំងឺកូវីដ-១៩ “៣ការពារ និង៣កុំ” (ពាក់ម៉ាស់ លាងដៃឬបាញ់ អាល់កុល រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលឲ្យបានគ្រប់គ្នាគ្រប់ទីកន្លែង និងកុំទៅទីសាធារណៈបិទជិតគ្មានខ្សល់ចេញចូល កុំជួបមនុស្សច្រើន កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មាគ្នា និងកុំឲ្យអោបថើបគ្នា) ធ្វើការវាស់កម្ដៅនៅច្រកចេញ-ចូល និងស្កេន QR Code ដែលបានដាក់ចេញដោយក្រសួង។
ទី២គួរធ្វើការណែនាំបុគ្គលិកនៅតាមបណ្តាក្រុមហ៊ុនទាំងអស់ឲ្យមានភាពទទួលខុសត្រូវក្នុងសហការការបង្ហាញភាពស្មោះត្រង់ចំពោះក្រុមហ៊ុន និងអ្នករួមការងារ ដោយរាយការណ៍ពីព័ត៌មានពិតប្រកដមកកាន់ក្រុមហ៊ុន ក្នុងករណីពួកគាត់មានអាការៈមិនសូវស្រួលខ្លួនដូចជាក្តៅខ្លួន ក្អក ឈឺបំពង់ក ឬអាការៈសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ឬក្នុងករណីដែលពួកគាត់មានការសង្ស័យថាបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលចំពោះបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ឬធ្លាប់បានទៅទីតាំងណាមួយដែលបានរកឃើញមានករណីវិជ្ជមានជំងឺកូវីដ-១៩។
ទី៣-ក្រុមហ៊ុនត្រូវអនុញ្ញាតឲ្យបុគ្គលិកដែលមានអាការៈមិនសូវស្រួសខ្លួន និងបុគ្គលិកដែលសង្ស័យមានការពាក់ព័ន្ធ នឹងបុគ្គលឬទីតាំងមានករណីវិជ្ចមានជំងឺកូវីដ-១៩ បានឈប់សម្រាកពីការងារ ព្រមទាំងទៅផ្តល់សំណាកដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ ឬអនុញ្ញាតឲ្យស្ថិតនៅដោយប្រយោលពីបុគ្គលដទៃ និងពីក្រុមហ៊ុន ក្នុងរយៈពេល១៤ថ្ងៃស្របតាមវិធានធ្វើចត្តាឡីស័ករបស់ក្រសួងសុខាភិបាល។
ទី៤-គួរផ្អាកជាបណ្តោះអាសន្ន នូវការរៀបចំកិច្ចប្រជុំ ពិធីជួបជុំនានា លើកលែងតែករណីចាំបាច់បំផុតដែលត្រូវធ្វើឡើង ស្របតាមវិធានការណ៍ការពាររបស់ក្រសួងសុខាភិបាល។ សមាគមលើកទឹកចិត្តដោយរៀបចំកិច្ចប្រជុំនានាតាម រយៈប្រព័ន្ធ online ជំនួសវិញ។
ទី៥-ក្រុមហ៊ុននីមួយៗគួរផ្តល់កិច្ចសម្របសម្រួល ជាអតិបរិមាក្នុងការសហការជាមួយបណ្តាក្រុមហ៊ុនដៃគូទាំងឡាយ ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ឯកសារ ការជួបគ្នាដោយផ្ទាល់ក្នុងការប្រគល់ទទួលឯកសារ ឬការបង់ជាសាច់ប្រាក់សុទ្ធដោយផ្ទាល់ ដោយលើកទឹកចិត្តក្នុងការប្រើប្រាស់ឯកសារតាមប្រព័ន្ធឌីជីថល និងអេឡិចត្រូនិចជំនួសវិញ (ដូចជា E-Mail, E-Payment)។
ទី៦-គួរសហការក្នុងការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមក សួរបញ្ជាក់គ្នាចំពោះករណីសង្ស័យថា មានព័ត៌មានណាមួយជាព័ត៌មានប្រឌិត។ណែនាំបុគ្គលិកត្រូវប្រុងប្រយ័ត្នជៀសវាងពីការចែករំលែកព័ត៌មានប្រឌិត ឬព័ត៌មានបំពុលសង្គមនានាពីប្រភពមិនច្បាស់លាស់។ ក្នុងករណីសង្ស័យនៃជំងឺកូវីដ១៩ត្រូវធ្វើការទំនាក់ទំនងដោយផ្តាល់ទៅកាន់លេខទូរសព្ទ ១១៥ របស់ក្រសួងសុខាភិបាល។
ជាងនេះទៅទៀត សមាគមភស្តុភារកម្មកម្ពុជា មានជំនឿយ៉ាងមុតមាំថាសមាជិកសមាគម ក្រុមហ៊ុនជាប្រតិបត្តិករក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូនទំនិញកម្ពុជាទាំងអស់ នឹងចូលរួម សាមគ្គីគ្នាក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវិដ១៩នេះ ប្រកបដោយស្មារតីយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមធានាបាននូវសុខមាលភាព ចំពោះបុគ្គលផ្ទាល់ខ្លួន ចំពោះសហគម ក្រុមហ៊ុន វិស័យ និងចំពោះសង្គមជាតិទាំងមូលផងដែរ៕EB