ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា គណបក្សនយោបាយខ្លះតែងតែប្ដឹងដោយពុំមានភស្តុតាងត្រឹមត្រូវ រួចធ្វើការរិះគន់មកលើស្ថាប័ន គ.ជ.ប ពាក់ព័ន្ធនឹងការដោះស្រាយបណ្ដឹង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។

នាឱកាសអញ្ជើញទទួលជួបសវនាការជាមួយ លោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២៧ មីនា លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានសំណូមពរដល់ភាគីជប៉ុន ជួយជំរុញឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការ បោះឆ្នោតឱ្យបានត្រឹមត្រូវ ពីព្រោះថា គណបក្សនយោបាយខ្លះតែងតែប្ដឹងដោយពុំមានភស្តុតាង ត្រឹមត្រូវ រួចធ្វើការរិះគន់មកលើស្ថាប័ន គ.ជ.ប ពាក់ព័ន្ធនឹងការដោះស្រាយបណ្ដឹង។

លោកប្រធាន គ.ជ.ប បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៨ មក គ.ជ.ប កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ចំនួន ១៦លើករួចមកហើយ ដែលការបោះឆ្នោតនោះបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ សម្រាប់ពេលខាងមុខ គ.ជ.ប កំពុងរៀបចំការបោះឆ្នោតចំនួន២ គឺការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ចំនួន ៥ ដែលទើបបំបែក និងបង្កើតថ្មី នៅក្នុងខេត្តចំនួន៣ មានខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ និងការបោះឆ្នោតមួយទៀត ជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

បន្ទាប់ពីបានស្តាប់ការពន្យល់បកស្រាយរបស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប រួចមក, លោក អ៊ូអិណុ អាត់ស៊ូស៊ី បានវាយតម្លៃខ្ពស់ចំពោះ គ.ជ.ប កម្ពុជា ដែលបានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀតទាត់ ហើយសម្រេចបានលទ្ធផលល្អ។ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះ ភាគីជប៉ុនសង្ឃឹមថា នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ។ លោកទូត បន្តទៀតថា លោកនឹងឆ្លៀតឱកាសជួបពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធនឹងការ បោះឆ្នោត ជាពិសេសទៅទៀតកំពុងពិចារណាជួយដល់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងស្រុក ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ