ភ្នំពេញ៖  លោក Liu Guozhong លេខាគណៈកម្មាធិការបក្សខេត្តសានសុី ប្រទេសចិនបានលើកឡើងថា កម្ពុជា ជាប្រទេសមានមូលដ្ឋានរឹងមាំ និងសក្តានុពលដ៏អស្ចារ្យ សំខាន់មួយរបស់អាស៊ាន និងនៅក្នុងយុទ្ធសាស្រ្ត“ ខ្សែក្រវាត់និងផ្លូវ” របស់ចិន។នេះបើយោងតាមហ្វេសប៊ុកផេក Royal du Cambodge។

ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងឱកាស ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានជូន លោក Liu Guozhong លេខាគណៈកម្មាធិការបក្សខេត្ត និង លោក Zhao Yide អភិបាលខេត្ត អញ្ជើញចូលថ្វាយបង្គំគាល់ នៅទីក្រុងស៊ីអាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នៅទីក្រុងស៊ីអាន។

សូមរំលឹកថា ក្នុងឱកាស គង់ពិនិត្យព្យាបាល ព្រះរាជសុខភាព នៅ ទីក្រុង ប៉េកាំង នៃ សាធារណ រដ្ឋ ប្រជាមានិត ចិន ព្រះករុណា ជា អ ម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងបំពេញ ព្រះរាជទស្សនកិច្ច នៅ ទីក្រុងយ៉ានអាន ខេត្ត Shan Xi នៃ សាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ តបតាមសេចក្តីថ្វាយបង្គំ សូមយាងពីសំណាក់លោក Xi Jinping ប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិន ។

លោក Liu Guozhong និងលោក Zhao Yide បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅ ជាទីបំផុត ចំពោះព្រះរាជដំណើរ យាងបំពេញទស្សនកិច្ច ក្នុងឱកាសនេះ ។ 

 លោក មានប្រសាសន៍ថាប្រទេសចិន និងកម្ពុជា មានចំណងមិត្តភាព ជាប្រពៃណីជាយូរលង់ណាស់មកហើយ។  ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមការជំរុញរួមគ្នារបស់ លោកប្រធានាធិបតី Xi JinPing និងព្រះករុណា ព្រះមហាក្សត្រ បានធ្វើឲ្យភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ បានឈានដល់កម្រិតថ្មីមួយ គួរឲ្យកត់សម្គាល់។ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៩ នៃបក្សកុម្មុយនិស្តចិន ដែលទើបតែបញ្ចប់បានចង្អុលបង្ហាញថាការអភិវឌ្ឍរបស់ប្រទេសចិននៅតែស្ថិតក្នុងដំណាក់កាលសំខាន់នៃឱកាសយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ន និងក្នុងរយៈពេលមួយនាពេលអនាគត។  លំនាំអភិវឌ្ឍន៍ និងការរៀបចំយុទ្ធសាស្ត្រផ្សេងទៀត បានផ្តល់នូវទស្សនវិស័យទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ។ 

លោកបញ្ជាក់ថា «ក្នុងនាមជាសមាជិក សំខាន់របស់អាស៊ាន និងជាប្រទេសសំខាន់មួយ នៅតាមបណ្តោយ“ ខ្សែក្រវាត់និងផ្លូវ” ប្រទេសកម្ពុជា មានមូលដ្ឋានរឹងមាំ និងសក្តានុពលដ៏អស្ចារ្យ សម្រាប់កិច្ចសហប្រតិបត្តិការ »។

លោកបានបន្តថា ព្រះរាជដំណើរទស្សនកិច្ច របស់ព្រះអង្គលើកនេះ ជាឱកាសមួយដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រកបដោយភាពស៊ីជម្រៅលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ និងការអប់រំ ពង្រឹងការផ្លាស់ប្តូររវាងខេត្ត និងរដ្ឋជាមិត្ត និងចូលរួមវិភាគទានដល់ការបង្កើតសហគមន៍ចិន – កម្ពុជារួមគ្នាជាមួយអនាគតរួមគ្នា។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជបន្ទូលសំណេះសំណាលក្នុងឱកាសនោះថា ព្រះអង្គពិតជាមានព្រះរាជហឫទ័យរីករាយដែលបានយាងមកទស្សនានៅខេត្ត សានសុី ជាថ្មីម្តងទៀត ព្រមទាំងបានកោតសរសើរអំពីភាពរីកចម្រើនដ៏អស្ចារ្យនៅក្នុងខេត្តផងដែរ។ ព្រះអង្គ សង្ឃឹមថាតាមរយៈដំណើរព្រះរាជទស្សនកិច្ចនេះ យើងនឹងបន្តបាននូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិន និងខេត្តសានសុី លើវិស័យផ្សេងៗគ្នា និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងពីរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ