ភ្នំពេញ ៖ កម្ពុជា-ឡាវបានធ្វើការសន្យា ជាមួយគ្នាជាថ្មីទៀត លើការខិតខំ ឲ្យ សម្រចជាស្ថាពរ ក្នុងការបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរ ដែលនៅសេសសល់ មិនដល់ ២០%ទៀត ដើម្បីក្លាយទៅជាព្រំដែន សន្តិសុខ សន្តិភាព និងអភិវឌ្ឍន៍ ពិសេសទប់ស្កាត់បាតុភាព អវិជ្ជមានខុសច្បាប់ តាមព្រំដែន។

គិតមកដល់សព្វថ្ងៃនេះ កម្ពុជា-ឡាវបានបង្គោលព្រំដែន បានសម្រេចប្រមាណជា៨៦% ដោយនៅសល់១៤%ទៀត។

ការសន្យារវាងភាគីកម្ពុជា-ឡាវនេះ បានធ្វើឡើងក្នុងជំនួប រវាងលោក ផនខាំ វីផាវ៉ាន់ (PHANKHAM VIPHAVANH) នាយករដ្ឋមន្ត្រីឡាវ និងសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្ដិភាព។

លោក ផនខាំ វីផាវ៉ាន់ បានថ្លែងថា «ចំពោះបញ្ហាព្រំដែន នៃប្រទេសទាំងពីរ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំឲ្យសម្រចជាស្ថាពរ ក្នុងការបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឲ្យព្រំដែននៃប្រទេសទាំងពីរក្លាយទៅជាព្រំដែនសន្តិសុខ សន្តិភាព និងការអភិវឌ្ឍ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាជន នៃប្រទេសទាំងពីរ ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក និងទប់ស្កាត់បាតុភាព អវិជ្ជមានខុសច្បាប់តាមព្រំដែន»។

នាឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានឯកភាព ចំពោះលោកនាយករដ្ឋមន្រ្តីឡាវ ដែលបានលើកឡើងពីបញ្ហាព្រំដែន ហើយព្រឹទ្ធសភាកម្ពុជា តែងតែគាំទ្រ និងលើកទឹកចិត្ត ឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ខិតខំដោះស្រាយបញ្ហា ដែលនៅសេសសល់១៤%ទៀតនេះ ដើម្បីកសាងខ្សែព្រំដែន នៃប្រទេសទាំងពីរឲ្យក្លាយទៅខែ្សព្រំដែន ដែលមានសន្តិភាព ស្ថិរភាព មិត្តភាព និងមានការអភិវឌ្ឍ ដើម្បីទុកជាមរតកដ៏ថ្លៃថ្លា សម្រាប់កូនចៅទាំងជំនាន់នេះ និងជំនាន់ក្រោយ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ