រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ជនបរទេសនៅកម្ពុជា ដោយឥតគិតថ្លៃ
ភ្នំពេញ ៖ យោងតាមកំណត់ទូតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដល់ជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជា ដោយឥតគិតថ្លៃ។
ក្នុងកំណត់ទូតដែលផ្ញើទៅកាន់ស្ថានបេសកកម្មការទូត នៅរាជធានីភ្នំពេញ និងការិយាល័យសម្របសម្រួល របស់អង្គការសហប្រជាជាតិ នៅរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ជនបរទេសទាំងអស់ ដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសកម្ពុជា អាចទទួលបានទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដោយមិនគិតថ្លៃ ស្របតាមផែនការចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា»។
ប្រភពដដែល បន្ដថា សម្រាប់ព័ត៌មានបន្ថែមស្តីពីដំណើរការ នៃការផ្តល់វ៉ាក់សាំងដល់ជនបរទេសនៅកម្ពុជា នឹងត្រូវបង្ហាញជូនតាមពេលក្រោយទៀត។
សូមរំលឹកថា អគ្គនាយកដ្ឋានអន្តោប្រវេសន្ត បានបញ្ជាក់ថា ជនបរទេសដែលកំពុងធ្វើការ និងស្នាក់នៅកម្ពុជា មានចំនួន ២២៥,២៧៤នាក់៕