ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុប ហើយការងារដែលបានបង្កើតនាពេលបច្ចុប្បន្ននេះ ជាការងារក្នុងវិស័យ ឧស្សាហកម្ម បែបទំនើប មានតម្លៃបន្ថែម និងផលិតភាពខ្ពស់ តម្រូវការប្រើប្រាស់កម្លាំងពលកម្មមានជំនាញជាងមុន លក្ខខណ្ឌ ការងារល្អ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរជាងមុន។

ក្នុងបាឋកថាប្រធានបទស្តីពី «ទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច» កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលាភូមិន្ទរដ្ឋបាល លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងការងារបាន យកចិត្តទុកដាក់ ខ្ពស់ក្នុង ការអភិវឌ្ឍទីផ្សារការងារ ដើម្បីឱ្យឆ្លើយតបនឹងបម្រែបម្រួលរចនាសម្ពន្ធសេដ្ឋកិច្ច-សង្គម និងបច្ចេកវិទ្យា ក៏ដូចជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសុខុមាលភាពសង្គម តាមរយៈការចូលរួមយ៉ាងសកម្មក្នុង ការ អនុវត្ត យុទ្ធសាស្ត្រ និងគោលនយោបាយជាតិសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

លោករដ្ឋមន្ត្រី លើកឡើងបន្តថា ក្រសួងបានបន្តបង្កើនឱកាសការងារក្នុងប្រទេស តាមរយៈទីភ្នាក់ងារ ជាតិមុខរបរ និងការងារ (NEA) ដោយបានផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ពង្រីកការផ្តល់ប្រឹក្សាយោបល់ និង មគ្គុទេសក៍ការងារ, រៀបចំវេទិការការងារ និងបណ្តុះបណ្តាលជំនាញត្រៀមចូលទីផ្សារការងារជាដើម ហើយប្រជាជន ក៏មានជម្រើសក្នុងការស្វែងរកឱកាសការងារក្រៅប្រទេសស្របច្បាប់ ដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ ចំណូលខ្ពស់ផងដែរ។

ក្រៅពីនេះ ក្រសួងនៅតែបន្តលើកកម្ពស់សុវត្ថិភាពការងារ និងសុខភាពកម្មករនិយោជិត តាមរយៈការរៀបចំច្បាប់ ការកែលម្អគុណភាពមធ្យោបាយដឹកជញ្ជូនឱ្យកាន់តែមានសុវត្ថិភាព និងតាមស្តង់ដារ បច្ចេកទេស ជំរុញការចូលរួមរបស់និយោជកក្នុងការគាំទ្រដល់ទារកដ្ឋានសហគមន៍ ដែលនៅក្បែរតំបន់ រោងចក្រ ជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ