ភ្នំពេញ ៖ លោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត បានបង្ហោះសារ ក្នុងហ្វេសប៊ុក ក្នុងន័យបង្ហាញពីខ្លួន និងក្រុមគ្រួសារ មានសេរីភាពវិញ។
ការបង្ហោះសាររបស់លោក សេង សារី នេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យតុលាការ ពិចារណាបញ្ឈប់ចេញ ដីការចាប់ខ្លួនលោក។
លោកបណ្ឌិត សេង សារី បង្ហោះក្នុងហ្វេសប៊ុកនាថ្ងៃ២០ កញ្ញា ថា «ម៉ែអាចទៅវត្តនៅថ្ងៃកាន់បិណ្ឌ ខាងមុននេះបានហើយ ម៉ែមិនបាច់បារម្ភពីអ្នកណា ថាឲ្យម៉ែមានកូន ជាជនក្បត់ជាតិទេ ។ ប្រពន្ធសម្លាញ់ អូនអាចបើកទ្វារបង ឲ្យកូនរត់លេងវិញបានហើយ»។
សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យស្ថាប័នតុលាការ ពិចារណាបញ្ឈប់ដីការ ចាប់ខ្លួន លោកបណ្ឌិតសេង សារី បន្ទាប់ពីសម្តេចបានស្តាប់ហេតុផល លោកបណ្ឌិត ក្នុងកិច្ចសម្ភាសន៍ ជាមួយសារព័ត៌មានខេមបូឌាដេលី ដែលលោកបានបកស្រាយ ពីគោលបំណង នៃការវិភាគអំពីសេនារីយោ៦ចំណុច កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ អំពីគម្រោងបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិ របស់លោក សម រង្ស៊ី ។ សម្តេចថា នេះ «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះ មានលក្ខណៈសមហេតុផលនិង អាចទទួលយកបាន៕EB