ភ្នំពេញ  ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសចាត់វិធានការតាម ច្បាប់  ទៅលើបុគ្គលមួយចំនួន ដែលបានកាប់បំផ្លាញព្រៃឈើល្អៗ ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

លោក សុខ ទូច បានសរសេរនៅលើទំព័រគណនីហ្វេសប៊ុក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា «ការអត់ធ្មត់របស់ខ្ញុំត្រូវបានបញ្ចប់ ដូច្នេះយើងត្រូវតែអនុវត្ត»។ 

លោកប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា កន្លង មកឯកឧត្ដម បានអប់រំឲ្យគាត់ស្រឡាញ់ព្រៃឈើអស់រយៈពេល២ឆ្នាំហើយ និងសុំឲ្យកុំកាប់ព្រៃឈើ កាប់ឈើរៀនយកដី ប៉ុន្តែពួកគាត់អាចអាស្រ័យអនុផលព្រៃឈើ មានដូចជា ផ្សិត វល្លិ៍ ទំពាំងជាដើ។

ក្នុងនោះដែររាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតការងារឲ្យពួកគាត់មកចិញ្ចឹមមគោទឹកដោះ ចៀម ពពែ ហើយពួកគាត់អាចរក្សាបាននូវវប្បធម៌របស់ខ្លួន ដូចជាការរៀបចំយកជ័រពីដើមច្បោះ(ជ័រត្រាចជាដើម) និងទីតាំងឡស្លដែកបុរាណ ដែលសុទ្ធសឹងតែជាវប្បធម៌របស់ជនជាតិគួយ ដែលជាជនដើមភាគតិច។ 

លោក សុខ ទូច បានឲ្យដឹងទៀតថា រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើអ្វីៗទាំងអស់ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់កូនចៅជំនាន់ក្រោយរបស់ពួកគាត់ ហើយក្រោយការរីករាលដាលជំងឺកូវីដ-១៩ចប់ កូនចៅរបស់ពួកគាត់នឹងក្លាយទៅជាអ្នកផ្ដល់សេវាកម្មក្នុងវិស័យទេសចរណ៍ ដោយធ្វើជាអ្នកនាំភ្ញៀវទេសចរ រៀបចំផ្ទះសំណាក់ រៀបចំម្ហូបអាហារជូនភ្ញៀវទេសចរជាដើម ដែលរាជបណ្ឌិតសភាកម្ពុជា នឹងរៀបចំបណ្តុះបណ្តាលនៅពេលខាងមុខ។

លោក សុខ ទូច បានបញ្ជាក់ទៀតថា «ទាំងអស់នេះហើយដែលយើងចង់ជួយគាត់ ប៉ុន្តែផ្ទុយទៅវិញ គាត់នៅតែបន្តកាប់បំផ្លាញឈើល្អៗរៀនយកដីដោយកាប់ហើយដុតព្រៃនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបដដែល ដូច្នេះ យើងនឹងចាប់ផ្ដើមអនុវត្តច្បាប់ហើយ ចាប់ពីពេលនេះទៅ យើងនឹងចាប់ទាំងឈើ ទាំងអ្នកប្រព្រឹត្តបទល្មើស និងទាំងគោយន្តយកមករក្សាទុកហើយ»៕ EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ