ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រសិន បើប្រជាពលរដ្ឋណាមួយ ទៅប្ដឹងប៉ូលីសប៉ុស្ដិ៍ ហើយប៉ូលីសប៉ុស្ដិ៍ធ្វើប្រងើយកន្តើយជាមួយប្រជាពលរដ្ឋ-ប្រជាពលរដ្ឋមានសិទ្ធទៅប្ដឹង នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី តាមហ្វេសប៊ុក ដើម្បីចាត់មន្ដ្រីធ្វើការដោះស្រាយជាបន្ទាន់។

ក្នុងពិធីចុះសួរសុខទុក្ខ និងចែកស្រូវពូជ ជូនប្រជាពលរដ្ឋខ្វះខាត នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេច ស ខេង ក៏បានអំពាវនាវឲ្យ មាតា-បិតា ត្រូវមើលកូនចៅរបស់ខ្លួនឲ្យដិតដល់ កុំឲ្យប៉ះពាល់ជាមួយគ្រឿងញៀន ហើយបើលឺព័ត៌មានត្រូវរាយការណ៍ទៅសមត្ថកិច្ច នៅតាមមូលដ្ឋាន។

សម្ដេចមានប្រសាសន៍ថា «ឥឡូវស្រួលណាស់បើរាយការណ៍ទៅប៉ូលីសប៉ុស្ដិ៍ ហើយប៉ូលីសប៉ុស្ដិ៍ប្រងើយកន្តើយ មិនចាប់អារម្មណ៍ មិនចាត់វិធានការ យើងមានបណ្ដាញហ្វេសប៊ុក មានព័ត៌មានសង្គមច្រើនណាស់ ខ្ញុំក៏មានហ្វេសប៊ុក ដាក់តាមហ្នឹងទៅ អាហ្នឹងគឺលឿនទាំងអស់គ្នា»។

សម្ដេចបន្ដថា សម្ដេចចាត់មន្ដ្រីរបស់ខ្លួនប្រមូលព័ត៌មានមិនរើសអើមឡើយ ព័ត៌មានតាមហ្វេសប៊ុក ក៏ជាព័ត៌មាន ព័ត៌មានដោយជាពាក្យបណ្ដឹងលាយលាក់អក្ស ក៏ជាព័ត៌មានដែរ ព័ត៌មានតាម វិទ្យុ និងទូរស្សន៍ ប្រមូលមកទាំង ព័ត៌មានណា ពាក់ព័ន្ធជាមួយក្រសួងមហាផ្ទៃ ត្រូវដោះស្រាយ តើរឿងនឹងពិត ឬមិនពិត ហើយភាគច្រើន គឺជាព័ត៌មានពិត។

សម្ដេចបន្ថែមថា «ប្រជាពលរដ្ឋទៅផ្ទាល់ហើយ មិនយកចិត្តទុកដាក់ យើងមានលទ្ធភាព ហើយអត់ខុសច្បាប់ទេ។ទិចថា ប្ដឹងទៅនាយករដ្ឋមន្ដ្រី ថាខុស ឲ្យតែយើងបានប្ដឹងអ្នកនៅកន្លែងហ្នឹង (ប៉ូលីសប៉ុស្ដិ៍) ហើយមិនព្រមដោះស្រាយ ហើយប្ដឹងទៅ ឧបនាយករដ្ឋមន្ដ្រី ថាខុស ប្ដឹងទៅរដ្ឋមន្ដ្រីថា ខុស គឺអត់ខុសទេ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ