ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានសង្កេតឃើញថា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មួយចំនួនធំ សុទ្ធតែអ្នកអត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅខេត្ដកំពង់ឆ្នាំង នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា មានអ្នកខ្លះឆ្លងជំងឺកូវីដ-១៩ ឈឺរយៈពេល៤-៥ថ្ងៃ មានសភាពធ្ងន់ធ្ងរ ដោយសារគាត់មិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ ផងដែរ។

លោកស្រី បានបញ្ជាក់ថា «អ្នកខ្លះឆ្លងរយៈពេល ៤-៥ថ្ងៃ ឆ្លងជំងឺកូវីដ-១៩ ស្រាប់តែវិវឌ្ឍទៅសភាពធ្ងន់ធ្ងរ ដោយសារអ្វី? ដោយសារគាត់អត់ចាក់វ៉ាក់សាំង ហើយយើងសង្កេតឃើញថា អ្នកស្លាប់មួយចំនួនធំ គឺសុទ្ធតែអ្នកអត់បានចាក់វ៉ាក់សាំង ចឹងការវិវឌ្ឍរបស់គាត់ គឺលឿន»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៥.៣៣៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១០៨.៨០២នាក់ និងអ្នកស្លាប់ ចំនួន២.៥៤៤នាក់។

ដោយឡែក គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៣.៥១០.២៨៥នាក់៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ