លោក កឹម សុខា យល់ឃើញថា ខ្មែរគួរតាំងចិត្ត ដាក់កាយ និងវាចា ដើម្បីធ្វើអំពើល្អជាមួយគ្នា
ភ្នំពេញ ៖ លោក កឹម សុខា បានយល់ឃើញថា ខ្មែរគួរតាំងចិត្ត ដាក់កាយ និងវាចា ដើម្បីធ្វើអំពើល្អជា មួយគ្នា ដោយចៀសវាង ឬកាត់បន្ថយការចងពៀរគ្នា ដែលជាអំពើបាប។
លោក កឹម សុខា បានសរសេរនៅលើកបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ថា លោកបានចូលរួមកាន់បិណ្ឌទី៧ នៅវត្តខេត្តកំពង់ស្ពឺ ជាមួយពុទ្ធបរិស័ទខ្មែរតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរក្នុងរដូវកាន់បិណ្ឌឆ្នាំ២០២០នេះ។
លោកថា «ខ្ញុំយល់ឃើញថា ខ្មែរយើងគួរតាំងចិត្ត ដាក់កាយនិងវាចា បង្កើនការធ្វើអំពើល្អជាមួយគ្នា ដូចដែលយើងបាន និងកំពុងធ្វើបុណ្យ កសាងកុសលជាមួយបងប្អូនយើង នៅតាមវត្តអារាមក្នុងរដូវភ្ជុំបិណ្ឌនេះ ដោយចៀសវាង ឬកាត់បន្ថយការចងពៀរគ្នា ដែលជាអំពើបាប»។
លោកបន្ដថា «បើយើងងាកមកធ្វើអំពើល្អ អំពើជាកុសលជាមួយគ្នានៅទីកន្លែងផ្សេងៗ នៅពេលខាងមុខជាបន្តបន្ទាប់ទៀត ខ្ញុំជឿជាក់ថាប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរយើង នឹងទទួលបាននូវសេចក្តីសុខ សន្តិភាពពិត និងភាពរុងរឿងសម្រាប់ទាំងអស់គ្នា»។
ក្នុងឱកាសនោះ លោក កឹម សុខា សូមឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជនដែលបានចែកឋានទៅ និងសូមចែករំលែកកុសលផលបុណ្យនេះ ជូនដល់បងប្អូនជនរួមជាតិខ្មែរទាំងក្នុង និងក្រៅទេស ដែលមានសទ្ធាជ្រះថ្លាបានចាប់មគ្គផល ផងដែរ៕EB