ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានធ្វើការអំពាវនាវដល់ក្រុមគ្រូពេទ្យចាក់វ៉ា  ក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ ត្រូវបន្ដប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ-១៩ ព្រោះថា អ្នកមានមកចាក់វ៉ាក់សាំង លេីកទី២ ក៏ឆ្លងជំងឺកូវីដផងដែរ។

តាមរយៈសារសំឡេង នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានឲ្យដឹងថា បច្ចុប្បន្ននេះនៅកម្ពុជា ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងកងទ័ពចាប់ផ្ដើមមានជាបន្ដបន្ទាប់។ សម្ដេចថា បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ-១៩ នៅខេត្តព្រៃវែងម្នាក់ ខណៈគាត់បានចាក់វ៉ាក់សាំងរួចហើយដែរ។

សម្ដេច បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងថ្មីបំផុតឥឡូវនេះ គឺខ្ញុំយល់ឃើញថា ក្រុមការងារចាក់វ៉ាក់សាំងរបស់យើង គួរតែមានការប្រុងប្រយ័ត្នបំផុត ជាពិសេសជាងគេ គឺក្រុមសម្ភាសន៍ជាមួយ អ្នកទៅចាក់វ៉ាក់សាំងរបស់យើង នៅតាមក្រុ មនីមួយៗ ជារួមក្រុមអ្នកចាក់វ៉ាក់សាំង ត្រូវប្រុងប្រយ័ត្នឲ្យមែនទែន ក្នុងការសម្ភាសន៍ និងដំណើរការចាក់ ការពារខ្លួនឲ្យ បានល្អ»។

សម្ដេច បន្ដថា «ព្រោះឥឡូវអ្នកមកចាក់ម្ជុលទីមួយហ្នឹង គឺវាមាន (មានកូវីដ) ហើយអ្នកមកចាក់ម្ជុលទីពីរនេះ ក៏មានឆ្លង (ឆ្លងកូវីដ) ដែលហើយ។ ដូច្នេះ ត្រូវប្រុងប្រយ័ត្ន មិនអាចធ្វេសប្រហែសបានទេ ត្រូវប្រុងប្រយ័ត្ន និងការពារចាប់ សម្ភាសន៍ រហូតដល់ការចាក់»។

សម្ដេចបន្ថែមថា អ្នកទទួលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយ ក៏អាចឆ្លងបានដែរ ដូច្នេះ ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសនោះ ក្រុមការងារចាក់វ៉ាក់សាំង ត្រូវពាក់ម៉ាស លាងដៃជាមួយអាកល់ ឲ្យបានត្រឹមត្រូវផងដែរ ដើម្បីធ្វើយ៉ាងណាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៥០៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៨៤០នាក់ , អ្នកជំងឺកំពុងសម្រាកព្យាបាល ចំនួន៦៦២នាក់, អ្នកជំងឺម្នាក់ស្លាប់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ