ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា តាមផែនការដែលបានរៀបចំទុកជាមុន ក្នុងខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ គ្រោងនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ឱ្យបានរួចរាល់ទាំង២ដូសតែម្តង ដើម្បីឱ្យវ៉ាក់សាំងស្រោចទៅលើតំបន់ក្រហម និងតំបន់ហានិភ័យ ហើយមានភាពបន្សាំ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។

ការបញ្ជាក់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើង ក្នុងឱកាសដែលសម្តេច បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាពលដ្ឋនៅតំបន់ក្រហម ដែលធ្វើឡើងនៅបញ្ជាការដ្ឋានកងពលលេខ៧០ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។ យុទ្ធនាការនេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ស្អែកនេះតទៅ ដោយមានប្រជាពលរដ្ឋ កម្មករ កម្មការិនីប្រមាណ៤៥ម៉ឺននាក់ រស់នៅក្នុងខណ្ឌចំនួន៤ ដែលស្ថិតនៅក្នុងតំបន់ក្រហម។ ខណៈរាជរដ្ឋាភិបាលបានត្រៀមវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៩០ម៉ឺនដូស រួចរាល់ហើយ ដើម្បីធ្វើយ៉ាងណាមិនឱ្យខ្វះវ៉ាក់សាំងជាដាច់ខាត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ «តាមផែនការដែលបានរៀបចំទុកជាមុននេះ ក្នុងមួយខែនេះគឺគ្រោងនឹងចាក់ក្នុងមួយខែឱ្យបានរួចរាល់ទាំង២ដូស ដូចនេះពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ (ខែឧសភា) វាអាចនឹងលើសខ្វះបន្តិចបន្តួច បានន័យថា ដល់ថ្ងៃទី១៦ ឬថ្ងៃទី១៧ គឺអ្នកដែលចាក់វ៉ាក់សាំងនៅថ្ងៃទី០១ ស្អែកនេះ នឹងបានចាក់ម្ជុលទី២ទៀត ហើយយើងដឹងស្រាប់ហើយម្ជុលទី២នេះ ចាក់គឺលឿនជាងម្ជុលទី១ យើងគិតគូរហើយ ក្នុងរយៈពេល១ខែនេះ គឺអាចនឹងបញ្ចប់ដំណើរការចាក់វ៉ាក់សាំងនេះ ដែលនេះគឺរង់ចាំមើលលើភាពជាក់ស្តែង»។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្តថា ដោយឈរលើព្រឹត្តិការណ៍ខាងលើនេះ ទើបនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យក្រុមគ្រូពេទ្យនៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ និយោជិកអនិកជន ជនបរទេសនៅខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌដង្ការ ក្នុងរាជធានីភ្នំពេញ ហើយយើងបានរៀបចំប្រកាសបើកយុទ្ធនាការនាថ្ងៃនេះ និងចាប់ផ្តើមដំណើរការជាក់ស្តែងនៅថ្ងៃស្អែក ទី១ ខែឧសភា ឆ្នាំ២០២១ ដោយប្រែក្លាយថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិប្រចាំឆ្នាំ ទៅជាយុទ្ធនាការជាតិចាក់ វ៉ាក់សាំងនៅក្នុងតំបន់ក្រហម ដែលជាតំបន់កំពុងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា៖ «រាជធានីភ្នំពេញ គឺមានការឆ្លងខ្លាំងណាស់ ហើយការឆ្លងខ្លាំងនេះគឺស្ថិតនៅក្នុងខណ្ឌមួយចំនួន ដែលរដ្ឋាភិបាលបានដាក់ជាតំបន់ក្រហមនេះ ដែលតំបន់នេះជារៀងរាល់ថ្ងៃ គឺមានអ្នកឆ្លងច្រើនជាបន្តបន្ទាប់ ដូចនេះភាពភ្លឺស្វាងលើចក្ខុវិស័យដ៏ជាក់លាក់លើចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន គឺនឹងយកវ៉ាក់សាំង ដើម្បីទៅចាក់លើប្រជាពលរដ្ឋនៅតំបន់ក្រហមនេះ ដើម្បីធ្វើយ៉ាងណាឱ្យឃើញថា វ៉ាក់សាំងនេះវាចាប់ផ្តើមចូលទៅរាង្គកាយអ្នកដែលមានហានិភ័យខ្ពស់នៅតាមតំបន់ក្រហម ឱ្យបានមុន ដើម្បីធ្វើយ៉ាងណាទប់ទល់ជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពនៅតាម តំបន់ក្រហមនោះ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ