ក្រសួងពាណិជ្ជកម្ម ចាត់ទុកវិស័យភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ធ្វេីឲ្យមានចរន្ត នៃការដោះដូរទំនិញ ដោយសេរីទាន់ពេលវេលា
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា វិស័យភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាផ្នែកមួយធានាឲ្យមានចរន្តនៃការដោះដូរទំនិញ ដោយសេរីទាន់ពេលវេលា និងជំរុញសកម្មភាពពាណិជ្ជកម្មឲ្យកាន់តែរស់រវើក។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២ តាមប្រព័ន្ធវីដេអូ លោកស្រី ចម និម្មល បានគូសបញ្ជាក់ថា «វិស័យភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាផ្នែកមួយដែលធានាឲ្យមានចរន្តនៃការដោះដូរទំនិញដោយសេរីទាន់ពេលវេលា និងជំរុញសកម្មភាពពាណិជ្ជកម្មឲ្យកាន់តែរស់រវើក។ អាស្រ័យដោយការចំណាយថ្លៃដឹកជញ្ជូន និងការចំណាយថ្លៃធ្វើដំណើរ(Transportation and Travelling costs) គឺជាផ្នែកមួយនៃចំណាយពាណិជ្ជកម្ម ដែលបានរួមចំណែក ១៥% ចំពោះទំនិញកសិកម្ម និង៣១% ចំពោះទំនិញឧស្សាហកម្ម នេះបង្ហាញថា វិស័យភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ មានផលប៉ះពាល់ធំធេងទៅលើភាពប្រកួតប្រជែង និងការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃក្នុងពិភពលោក»។
លោកស្រី បន្ដថា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ បានបង្អាក់ដំណើរការសេរីភាវូបនីយកម្ម ដោយសារការបិទច្រកព្រំដែន ការរឹតត្បិតការធ្វើដំណើរនិងវិធានការពាណិជ្ជកម្មផ្សេងទៀត ជាក់ស្តែងនៅឆ្នាំ២០២០ សមាជិកWTO ចំនួន៣៨ ប្រទេសបានធ្វើកំណត់សម្គាល់ វិធានការTBTចំនួន១០៦ និងអនាម័យនិងភូត្តគាមអនាម័យ(SPS)ចំនួន៦៥ទៅកាន់WTO។
លោកស្រី បន្ថែមថា វិធានការទាំងនេះបានប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យដឹកជញ្ជូនទំនិញ ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ធ្វើឲ្យខ្សែច្រវាក់ផ្គត់ផ្គង់សាកលលោកមានភាពរអាក់រអួលយឺតយ៉ាវដែលជាបញ្ជ័យអាក្រក់នេះរួមចំណែកទាញពាណិជ្ជកម្មសកលលោកនៅឆ្នាំ២០២០ (global merchandise trade)ឲ្យធ្លាក់ចុះ-៥,៣ ភាគរយ។
លោកស្រី ក៏បានបញ្ជាក់ទៀតថា ទោះជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ប្រទេសកម្ពុជានៅតែអាចរក្សាបាននូវខ្សែច្រវ៉ាក់ផលិតកម្ម និងជំរុញការនាំចេញ តាមរយៈកិច្ចប្រឹងប្រែងទាំងការដាក់ចេញនូវវិធានការដ៏មុតស្រួចជាបន្តបន្ទាប់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងក្របខ័ណ្ឌវេទិការដ្ឋនិងវិស័យឯកជន ការពង្រឹងកិច្ចសហប្រត្តិការក្នុងក្របខ័ណ្ឌអាស៊ានជាមួយប្រទេសសមាជិក និងប្រទេសដៃគូ ដើម្បីរក្សាបាននូវដំណើរការខ្សែច្រវាក់ផលិតកម្ម ធុរកិច្ច និងលំហូរពាណិជ្ជកម្មអន្តរជាតិ។ ការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពទាំងអស់នេះ បានធ្វើឲ្យការនាំចេញទំនិញពីកម្ពុជាក្នុងឆ្នាំ២០២០នៅរក្សាកំណើន ១៦,៧% ដោយសារកម្ពុជាពុំបានដាក់ការរឹតត្បិត ឬហាមឃាត់ការនាំចេញនោះទេ៕