សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ នៅសាលាភូមិន្ទរដ្ឋបាល
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលពិធីនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សូមបញ្ជាក់ថា បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ សម្រាប់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងការបិទវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដែលរួមមាន វគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” សម្រាប់មន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វគ្គបណ្តុះបណ្តាលមន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជននិងកីឡាព្រមទាំងវគ្គពង្រឹង សមត្ថភាពក្រុមការងារកែទម្រង់តាមប្រព័ន្ធឌីជីថល ដែលមានចំនួនសរុបទាំងអស់ ១០២១ អង្គ/នាក់ (ក្នុងនោះមានព្រះសង្ឃ ១១អង្គ មាននារី ២០៧ នាក់ និងជនពិការ ៧ នាក់)។
ចំពោះ ការបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ សម្រាប់សិស្សមន្ត្រីក្រមការជំនាន់ទី១០ កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ និងមន្ត្រីគ្រប់គ្រងរដ្ឋបាល ដែលមានចំនួនសរុបទាំងអស់ ៧២៩ អង្គ/នាក់ (ក្នុងនោះមានព្រះសង្ឃ ៣០អង្គ មាននារី ១៦៩ នាក់ និងជនពិការ ១០ នាក់)៕EB