ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿន ទៅកាន់មន្ត្រីគ្រប់ជាន់ថ្នាក់ថា កុំធ្វើខ្លួនជាមន្ត្រីឱកាសនិយម ដែលបង្កឱ្យមានបញ្ហា ព្រោះថា ឱកាសនិយម នាំឱ្យឆ្លៀតប្រើអំណាចបំពាន។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា មន្ត្រីគ្រប់រូបត្រូវមានស្មារតីប្រកាន់ខ្ជាប់នូវផលប្រយោជន៍សាធារណៈជាសំខាន់ កុំគិតពីបក្ខពួកគ្រួសារនិយម។

សម្ដេច បានបញ្ជាក់ថា «មន្ដ្រីរបស់យើងពេលបានទទួល ការងារនេះ ការងារនោះ ការពិតណាស់កិត្តិយសមានឱកាស ដើម្បីនឹងធ្វើការងារនោះ ប៉ុន្ដែយើងមិនត្រូវភ្លើតភ្លើននូវតួនាទី និងមុខតំណែង ហើយថែមទាំងឱកាសនិយម ហើយឱកាសនិយមនេះគ្រោះថ្នាក់ណាស់ បានឡើងធ្វើចៅហ្វាយស្រុកហើយ សម្រេចធ្វើតាមចិត្ត»។

ជាងនេះទៅទៀត សម្តេច ស ខេង មានប្រសាសន៍នូវពាក្យមួយឃ្លាយ៉ាងដូច្នេះថា «យើងកុំគិតត្រឹមធ្វើសម្រាប់ខ្លួនឯង គឺត្រូវគិតដល់អនាគតអ្នកជំនាន់ក្រោយ និងការបន្សល់កេរ្តិ៍ដំណែលរបៀបម៉េច»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ