ភ្នំពេញ៖ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណ និងចាត់ទុកជំនួយរបស់ រាជរដ្ឋាភិបាលកម្ពុជា គឺជាសាក្ខីភាពប្រពៃណី «ជួយគ្នាទៅវិញទៅមក» ដ៏ថ្លៃថ្លា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កំពុងវាយលុកយ៉ាងខ្លាំង ក្នុងទីក្រុងហូជីមិញ។

ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ,ម៉ាស់ធម្មតាចំនួន ១លានម៉ាស់ និងម៉ាស់វេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៉ីសែន ១០០គ្រឿង ជូនប្រទេសវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

យោងតាមសារលិខិត ថ្លែងអំណរគុណដែលបង្ហោះលើ គេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតវៀតណាម ប្រចាំកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក ផាម មិញជិញ បានថ្លែងអំណរគុណដោយស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានផ្ញើជូន អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ នូវអំណោយដ៏មានតម្លៃ និងមានអត្ថន័យជាច្រើន ។

លោកបន្ដថា ការជួយឧបត្ថម្ភប្រកបដោយភាពជាក់ស្តែង និងទាន់ពេលវេលារបស់កម្ពុជាប្រាកដជា នឹងរួមចំណែកដ៏មានប្រសិទ្ធភាព ក្នុងកិច្ចការបង្ការ និងប្រឆាំងនឹងជំងឺរាលដាល នៅទីក្រុងហូជីមិញ។

លោកនាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ថា «កាយវិការដ៏ថ្លៃថ្លានេះ កាន់តែមានតំលៃថែមទៀតខណៈពេលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាកំពុងខិតខំឆ្លើយតប នឹងជំងឺនេះក្នុងស្រុកផងដែរ និងក៏ជាសាក្ខីភាពនូវប្រពៃណី ជួយគ្នាទៅវិញទៅមក ដ៏ថ្លៃថ្លាដែលប្រទេស និងប្រជាជាតិយើងទាំងពីរតែងតែផ្តល់ជូនគ្នា ជាពិសេសក្នុងគ្រាជួបការ លំបាកនិងបញ្ហាប្រឈម»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ