ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងឯកសារសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម នាយឧត្តសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍ដកស្រង់សង្ខេប អំពីលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថា នៅក្នុងឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានចូលរួមធ្វើឱ្យសម្រេចនូវសមិទ្ធផលគោលនយោបាយ និងសង្គមជាច្រើន តាមរយៈការខិតខំអនុវត្តនូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ដែលបានផ្ដល់ជារបាយការណ៍មូលដ្ឋាន សម្រាប់ក្រុមការងារបូកសរុបធ្វើជារបាយការណ៍រួម។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ដថា អ្នកចូលរួមក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នឹងមានអ្នកចូលរួមជាង៣០០នាក់ ហើយអ្នកចូលរួមទាំងអស់ តម្រូវឱ្យធ្វើតេស្ដរកជំងឺកូវីដ-១៩ ដោយខ្លួនឯង។ សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា បើអ្នកចូលរួមមិនបានធ្វើតេស្ដរកជំងឺកូវីដ-១៩ ដោយខ្លួនឯងទេ ត្រូវធ្វើតេស្ដ នៅកន្លែងកម្មវិធីផ្ទាល់ ដើម្បីធ្វើយ៉ាងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការសុខាភិបាល ៣កុំ និង៣ការពារ ឱ្យបានម៉ឺងម៉ាត់បំផុត។

សូមជម្រាបជូនផងដែរថា ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ ដោយឡែក នៅថ្ងៃទី២៣ ខែកុម្ភៈ ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីបិទសន្និបាតរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ