ភ្នំពេញ ៖ គណៈសង្ឃនាយកកម្ពុជា ប្រកាសថា បុគ្គល ប៊ុត ប៊ុនតិញ មិនមែនជាអ្នកបួសពុទ្ធសាសនាថេរវាទពិតប្រាកដទេ តែជាបុគ្គលអសីលធម៌ អគុណធម៌ គ្មានវិន័យ បុគ្គលទ្រុស្តសីល បុគ្គលមិនគួរគោរពបូជា និងជាបុគ្គលក្លែងបន្លំក្នុងសាសនា ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន។

កាលពីថ្ងៃ២ ខែឧសភា ឆ្នាំ២០២៣ អង្គការពុទ្ធសាសនិកពិភពលោក ដែលមានសមាជិកអ្នកកាន់ពុទ្ធសាសនា ៥៥ប្រទេស បានប្រគល់ជូនគោរម្យ៍ងារកិត្តិយសដ៏ឧត្តុង្គឧត្តមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានឈ្មោះថា «ពុទ្ធមាមកាភិបាល» ដែលព្រះសង្ឃ និងមហាពុទ្ធបរិស័ទ ក្នុងពិភពលោកសម្តែងនូវអំណរសាទរ និងអនុមោទនាចំពោះការទទួលបាននូវគោរម្យ៍ងារពុទ្ធសាសនាដ៏ខ្ពង់ខ្ពស់ថ្លៃថ្លានេះ ប៉ុន្តែមានបុគ្គល ប៊ុត ប៊ុនតិញ បានបកស្រាយតាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងន័យមួលបង្កាច់បន្ទុះបង្អាប់កិត្តិយស សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយបកប្រែខុសអត្ថន័យខ្លឹមសារ នៃបរិបទភាសាបាលីលើគោរម្យងារនេះទាំងស្រុង។

យោងតាមសេចក្ដីថ្លែងការណ៍របស់ គណៈសង្ឃពុទ្ធសាសនាកម្ពុជា នាថ្ងៃទី៣ ឧសភា បានឲ្យដឹងថា បុគ្គល ប៊ុត ប៊ុនតិញ នេះជាទុព្វចជាតិកបុគ្គល (បុគ្គលរបឹងរឹងរូសជាអ្នកប្រដៅក្រ) យល់ខុសដោយខ្លួនឯង ឆ្កួតដោយខ្លួនឯង មានភាពល្ងង់ខ្លៅខ្វះវិចារណញ្ញាណ ខ្វះសុភវិនិច្ឆ័យ ខ្វះចំណេះ ដឹងផ្នែកភាសាបាលី បានជាហ៊ានលើកឡើងផ្តេសផ្តាស និងបកស្រាយខុសទាំងងងឹតងងុល។

ផ្អែកលើមូលដ្ឋាននេះ គណៈសង្ឃពុទ្ធសាសនាកម្ពុជា សូមប្រកាសជាចំហរ និងដាច់អហង្ការថា «បុគ្គល ប៊ុត ប៊ុនតិញ នេះមិនមែនជាអ្នកបួសពុទ្ធសាសនាថេរវាទពិតប្រាកដទេ តែជាបុគ្គលអសីលធម៌ អគុណធម៌ គ្មានវិន័យ បុគ្គលទ្រុស្តសីល បុគ្គលមិនគួរគោរពបូជា និងជាបុគ្គលក្លែងបន្លំក្នុងសាសនា ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនដោយប្រព្រឹត្តអំពើទុច្ចរិត និងអនាចារផ្សេងៗគ្រប់រូបភាព»។

គណៈសង្ឃពុទ្ធសាសនាកម្ពុជា មិនទទួលស្គាល់បុគ្គលនេះជាបព្វជិតតទៅទៀតឡើយ ដោយចាត់ទុកបុគ្គលនេះនៅ ក្រៅសហគមន៍សង្ឃខ្មែរចាប់ពីពេលនេះតទៅ ព្រោះបុគ្គល ប៊ុត ប៊ុនតិញ នេះធ្លាប់បានប្រមាទកាតទៀន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃគ្រប់ព្រះអង្គ និងព្រះមហាថេរផ្សេងៗ ទៀតព្រមទាំងថ្នាក់ដឹកនាំប្រទេស មានសម្ដេចតេជោជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ