សម្តេចក្រឡាហោម ស ខេង ៖ ផែនការយុទ្ធសាស្ត្រជាតិ ជាផែនការដ៏មានសារសំខាន់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ជាផែនការដ៏មានសារសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការតម្រង់ទិសលើការងារគ្រប់គ្រងទិន្នន័យអត្តសញ្ញាណប្រជាពលរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនពលរដ្ឋ។
ក្នុងកិច្ចប្រជុំ គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្រាអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) លើកទី៦ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ សម្តេច ស ខេង បានកត់សម្គាល់ឃើញថា ឆ្នាំ២០២០ ជាឆ្នាំទី៤ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម បន្ទាប់ពីបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែមិថុនា ឆ្នាំ២០១៦។
សម្ដេច មានប្រសាសន៍ថា «ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម គឺជាផែនការដ៏មានសារសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទស្សនវិស័យជាយុទ្ធសាស្ត្រយូរអង្វែង ក្នុងការដឹកនាំតម្រង់ទិសលើការងារគ្រប់គ្រងទិន្នន័យអត្តសញ្ញាណប្រជាពលរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាបែបទំនើប និងការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»។
លើសពីនេះទៀត សម្តេច ស ខេង បានបញ្ជាក់បន្ថែមទៀតថា ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម នៅតែជាកិច្ចការអទិភាពខ្ពស់ដដែល សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៦ នៃនីតិកាលរដ្ឋសភា ដោយសារប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មប្រជាពលរដ្ឋនេះជាឆ្អឹងខ្នងនៃប្រព័ន្ធផ្តល់សេវាទាំងអស់ ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ហើយជាកិច្ចការដែលកម្ពុជាត្រូវចូលរួមចំណែកក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
នាឱកាសនោះ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គ.ជ.ដ.អ បានលើកឡើងថា ការងារអត្តសញ្ញាណកម្ម បានផ្តោតលើការងារចម្បងពីរ គឺការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ដោយឡែក ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ សំដៅដល់ការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីផ្តល់សេវានានាជូនប្រជាពលរដ្ឋដូចជាការផ្តល់សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ លិខិតឆ្លងដែន ការចុះឈ្មោះចូលរៀន ការចុះបញ្ជីកម្មសិទ្ធិដីធ្លី ផ្ទះសម្បែង យានយន្ត និងការចុះបញ្ជីអាជីវកម្មជាដើម៕EB