ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានថ្លែងថា ការប្រមាថមើលងាយកម្មករ ទៅនិងសត្វធាតុពីសំណាក់ លោក ផែង វណ្ណៈ គឺជាប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដោយមិនអាចទទួលយកបានឡើយ។

នាពេលថ្មីៗនេះ កម្មករ-កម្មការិនី រោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត បាននាំគ្នាសម្រុកចេញពីកន្លែងធ្វើការនោះ ដោយសារពួកគាត់ ជឿតាមការញុះញង់ និងការបំផុសបំផុល ក្រោយពីអាជ្ញាធរណែនាំរឿងយកសំណាកពិនិត្យជំងឺកូវីដ-១៩។

តាមរយៈវិដេអូ លោក ផែង វណ្ណៈ បង្ហោះក្នុងគេហទំព័រហ្វេសប៊ុក លោក ប៉ាវ ស៊ីណា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ លោក ផែង វណ្ណៈ បានលើកឡើងថា «រឿងអីនាំគ្នាធ្វើចឹង ហេតុអីបានពួកគាត់គ្មានខួរជាមនុស្ស ហាក់ដូចជាល្វង់ពេក គេពន្យល់ គេប្រាប់ គេអប់រំ អត់ស្ដាប់ ចេញដូចហ្វ្រងគោ អន់ជាងគោ អន់ជាងក្របីទៀត»។

ក្រោយមកទៀត លោក ប៉ាវ ស៊ីណា បានសរសេរលើហ្វេកប៊ុកផ្ទាល់ខ្លួនថា «ការប្រមាថមើលងាយកម្មករ ទៅនិងសត្វធាតុ ពីសំណាក់ លោក ផែង វណ្ណៈ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត។ ខ្ញុំ មិនគាំទ្រចំពោះសកម្មភាពរបស់បងប្អូនកម្មករ ដែលមិនចូលរួមសហការជាមួយនិងអាជ្ញាធរនោះទេ»។

លោកបន្ដថា លោក ផែង វណ្ណៈ គួរប្រើភាសាឱ្យបានសមរម្យ ក្នុងនាមលោក ដែលគិតថា ខ្លួនឯង មានចំណេះដឹង ច្រើនជាង កម្មករ ដើម្បីរួមចំណែកជាមួយនិងអាជ្ញាធរពាក់ព័ន្ធ ក្នុងផ្សព្វផ្សាយនិងពន្យល់បន្ថែមដល់ពួកគាត់ វាប្រសើរជាង ការប្រើភាសាប្រមាថមើលងាយពួកគាត់ទៅសត្វធាតុ។ 

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា ក៏បានចោទសួរថា តើខ្លួនលោកផ្ទាល់ ដែលធ្លាប់បានប្រព្រឹត្តកំហុសទេ?៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ