ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ  ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលនេះ។ 

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃទី៦តុលា នេះគឺជាថ្ងៃកាន់បិណ្ឌធំនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិតាំងពីបុរាណកាលមក។

សម្ដេចតេជោ បានបន្ដថា ដោយសារស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីជាតិបាននៅតាមទីវត្តអារាម។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺត្រូវតែថែរក្សាអាយុជីវិតឲ្យបាន នោះគឺនៅតែមានឱកាសអាចប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យសំខាន់ៗជាច្រើនទៀតនៅពេលក្រោយ។

សម្ដេចតេជោ បានបញ្ជាក់ថា «សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈទាំងតាមដងផ្លូវធ្វើដំណើរ តាមទីរមណីយដ្ឋាននានា និងនៅតាមវត្តអារាមដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសុខភាពបង្កាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩»។

សម្ដេចតេជោ ក៏បានគុណដល់ជនរួមជាតិដែលបាននាំយកនូវបច្ច័យទ័យ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដោយអនុវត្តន៍ទៅតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ចំពោះប្រជាពលដ្ឋដែលទៅកំសាន្តនៅទីរមណីយដ្ឋាននានា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺត្រូវពាក់ម៉ាស់ ដុសសម្អាតដៃជាមួយសាប៊ូ ចិលឬអាល់កុលអោយបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ កុំទៅទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដែលមានហានិភ័យខ្ពស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ