ក្រសួងបរិស្ថាន ៖ នៅកម្ពុជា សំណល់រឹងសំរាមកើនឡើង ប្រមាណ១៥% ក្នុងមួយឆ្នាំ ខណៈមួយថ្ងៃ មានសំរាម ជាង១ម៉ឺនតោន
កំពត ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅកម្ពុជា សំណល់រឹងសំរាម មានប្រមាណជាង ១ម៉ឺនតោន ក្នុងមួយថ្ងៃ និង១ឆ្នាំជាង ៤លានតោន ដែលមានកំណើនប្រមាណ១៥% ក្នុងមួយឆ្នាំ។
ថ្លែងនៅក្នុងឱកាសនៃការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នៅផ្សារត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ក្រោមប្រធានបទ «ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ» នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា ក្នុងសំណល់សំរាម ១០០% មានសំណល់សរីរាង្គប្រមាណ ៦៨% សំណល់ប្លាស្ទិក ប្រមាណ ២០% និងសំណល់រឹងជាង ១០% ហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្ថែម គឺសំណល់ប្លាស្ទិក ដែលជាសំណល់ប្រកបដោយគ្រោះថ្នាក់ ប្រសិនបើយើងមិនគ្រប់គ្រងបានល្អព្រោះសំណល់ប្លាស្ទិកមានផ្ទុកសារធាតុគីមី។
រដ្ឋលេខាធិការបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តជំរុញលើការអនុវត្តគោលនយោបាយជាតិគ្រប់គ្រងសំណល់រឹងសំរាមទីប្រជុំជន ដើម្បីគ្រប់គ្រងសំណល់រឹងសំរាមតាមទីប្រជុំជនឱ្យមានប្រសិទ្ធភាពខ្ពស់ គ្រប់គ្រងអនាម័យបរិស្ថានបានល្អ។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបន្ថែមថា «សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមផ្ទះសម្បែង ភូមិឃុំរបស់ខ្លួន ញែកសំរាមតាមប្រភេទ វេចខ្ទប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមអនុវត្តវិធានការ «៣កុំ ៣ការពារ» ដើម្បីភូមិដ្ឋានរបស់យើងមានអនាម័យបរិស្ថានល្អ មានផាសុកភាពសម្រាប់ការរស់នៅ សុខុមាលភាពពលរដ្ឋយើងល្អ ជៀសផុតពីការឆ្លងជំងឺទាំងឡាយ»៕