ភ្នំពេញ ៖ កម្ពុជាបានទាក់ទាញការវិនិយោគ មានតម្លៃវិនិយោគសរុប ចំនួន ៤,៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើង ៧,៥ ភាគរយ ធៀបនឹងឆ្នាំមុន។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា វិនិយោគិនបរទេសសំខាន់ៗ មកពីប្រទេសចិន ជប៉ុន ប្រទេសថៃ និងសិង្ហបុរី ដោយវិនិយោគភាគច្រើនផ្តោតលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ផលិតកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
របាយការណ៍ បន្ថែមថា គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានតម្លៃសរុប ៣,៥ ពាន់លានដុល្លារ កើនឡើង ៤៩ ភាគរយ ធៀបនឹងឆ្នាំ២០២១។ ដោយឡែក គម្រោងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបានធ្លាក់ចុះ ៣៩ ភាគរយមកនៅត្រឹម ១ ២៣៥ លានដុល្លារ។
របាយការណ៍របស់ CDC បានបញ្ជាក់ថា គម្រោងវិនិយោគដោយវិនិយោគិនក្នុងស្រុកមានទុនសរុប ២,៧ ពាន់លានដុល្លារ ស្មើនឹង៥៧ ភាគរយនៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគបរទេសពីប្រទេសចិន ឈរលើលេខពីរ មានទុនវិនិយោគចំនួន ១,៤ ពាន់លានដុល្លារ ឬ ៣០ភាគរយ៕EB