បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញសុទិដ្ឋិនិយមថា ការបោះឆ្នោតនាពេលខាងមុខនៅកម្ពុជា នឹងកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារអន្តេវាសិកដ្ឋាន អគារបណ្ណាល័យ ទីចាត់ការ របង ខ្លោងទ្វារ ក្នុងរិវេណវិទ្យាល័យ សម្ដេចក្រឡាហោម ស ខេង តាគ្រាម និងសមិទ្ធផលនានាក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង  នាថ្ងៃទី១៥  ខែសីហា  ឆ្នាំ២០២៣  សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងឃុំតាមគ្រាម ស្រុកបាណន់ និងនិយាយជារួមទូទាំងខេត្តបាត់ដំបង និងទូទាំងប្រទេសកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយបរិយាកាសសន្តិសុខ សុវត្ថិភាព គ្មានអំពើហិង្សា ពិសេសស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ពិសេសមានពលរដ្ឋអញ្ជើញទៅបោះឆ្នោតច្រើនលើសលុបជាប្រវត្តិសាស្ត្រ។

សម្ដេច ក្រឡាហោម  បានរម្លឹកបន្ថែមថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតដល់ការបោះឆ្នោត២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតចំនួន ១៨ លើករួចមកហើយ ហើយការបោះឆ្នោតចុងក្រោយនេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ធៀបនឹងការបោះឆ្នោតមុនៗ ជាពិសេសមានអត្រាអ្នកបោះឆ្នោតខ្ពស់។ សម្ដេចក្រឡាហោម ក៏បានបង្ហាញសុទិដ្ឋិនិយមថា "ការបោះឆ្នោតនាពេលខាងមុខនៅកម្ពុជា នឹងកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត"។ 

សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ជូនអង្គពិធីអំពីស្នាដៃ និងសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងនីតិកាលទី៦ និងត្រៀមបន្តអនុវត្តឱ្យសម្រេចបាននៅក្នុងនីតិកាលទី៧។ សម្ដេចបានជម្រាបជូនផងដែរ អំពីការត្រៀមបើកសម័យប្រជុំរដ្ឋសភាដំបូង នាថ្ងៃទី២១ ខែសីហា និងការបន្តកិច្ចប្រជុំនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដើម្បីអនុម័តរចនាសម្ព័ន្ធថ្នាក់ដឹកនាំសភា និងអនុម័តបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើរាជរដ្ឋាភិបាលនីតិកាលថ្មី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ