បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានថ្លែងថា ការបោះឆ្នោតគ្មានប្រទេសណាមួយ រៀបចំចាត់ចែងការបោះឆ្នោតល្អឥតខ្ចោះនោះឡើយ ដោយឡែកការបោះឆ្នោតនៅកម្ពុជាលើកទី៧នេះ អាចចាត់ទុកថា «ជាការបោះឆ្នោត ដ៏ជោគជ័យបំផុត»។
នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ការបោះឆ្នោតគ្មានប្រទេសណាមួយ ដែលបានរៀបចំចាត់ចែងការបោះឆ្នោតដែលល្អឥតខ្ចោះនោះឡើយ ដោយឡែកការបោះឆ្នោត លើកទី៧នេះ អាចចាត់ទុកថា ជាការបោះឆ្នោតដ៏ជោគជ័យបំផុត បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗនៅកម្ពុជា ដោយការបោះឆ្នោតនេះ មានអត្រានៃការចូលរួមបោះឆ្នោតខ្ពស់រហូតដល់៨៤,៥៩% បានចេញទៅបោះឆ្នោយជ្រើសតាំងតំណាងរាស្ត្ររបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង មានសណ្តាបធ្នាប់របៀបរៀបរយល្អ»។
សម្ដេចក្រឡាហោម បន្ដថា ហើយគណបក្សនយោបាយបានចូលរួមបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាព ប្រកួតប្រជែងគ្នា ប្រកបដោយភាពថ្លៃថ្នូរ ចាត់ទុកថា បានចូលរួមលើកទឹកចិត្តអ្នកបោះឆ្នោតបង្ហាញពីការយល់ដឹង អំពីគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ អំពីសិទ្ធិបោះឆ្នោត ជាហេតុធ្វើឱ្យអ្នកបោះឆ្នោតបានចូលរួមក្នុង ដំណើរការបោះឆ្នោត និងសម្រេចចិត្តជ្រើសរើសតំណាងរបស់ខ្លួន ដោយស្ម័គ្រចិត្ត ដើម្បីសម្រេចជោគវាសនាអនាគតប្រទេសជាតិរបស់ខ្លួន។
សូមរលឹកថា ការបោះឆ្នោត នៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ត្រូវបានមតិជាតិ និងអន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ប្រកបដោយភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយត្រូវបានរៀបចំកាន់តែល្អប្រសើរឡើង ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ៕EB