ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ជោគជ័យដ៏ត្រចះត្រចង់ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែង របស់អាជ្ញារធរ ក្នុងការរក្សាសណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានភាពភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ថានីយទឹកស្អាតឃុំក្របៅ ឃុំជាច ផ្លូវចាក់បេតុងឃុំក្របៅ និងសមិទ្ធផលនានា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, កម្ពុជារក្សាបានយ៉ាងល្អប្រសើរនូវសុខ សន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព បើទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការវិវត្តដ៏ស្មុគស្មាញ នៃសភាពការណ៍នយោបាយ សេដ្ឋកិច្ចអន្តរជាតិ ដែលពិបាកប៉ាន់ស្មានក្ដី។

សម្ដេចក្រឡាហោម បន្តថា ព្រមជាមួយគ្នានេះ កិត្តិយស កិត្យានុភាព សេចក្ដីថ្លៃថ្នូររបស់ជាតិយើងនៅលើ ឆាកអន្តរជាតិ កាន់តែបានលើកកម្ពស់ នៅពេលដែលកម្ពុជាបានអនុវត្តតួនាទីជាប្រធាន ដឹកនាំសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ កិច្ចប្រជុំពាក់ព័ន្ធនានា ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA GAME) និងអា ស៊ានប៉ារ៉ាហ្គេម លើកទី១២(ASEAN PARA GAME) ជាមួយលទ្ធផលល្អប្រសើរ និង ជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងទទួលបាននូវការកោតសរសើរពីបណ្តាភ្ញៀវអន្តរជាតិ ក៏ដូចជាការគាំទ្រ និងអបអរសាទរពីប្រជាជនខ្មែរនៅទូទាំងប្រទេស។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា កាលពីពេលកន្លងទៅថ្មីៗនេះ កម្ពុជាក៏ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយ ទៀតគឺការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែល បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្ដេច បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រើប្រាស់សិទ្ធិសម្ដែង នូវឆន្ទៈក្នុងនាមជាប្រជាពលរដ្ឋល្អចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ នៃរដ្ឋសភា បានរហូតដល់៨៤,៥៨% ធៀបទៅនឹងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួន ៩.៧១០.៦៥៥នាក់។

សម្ដេចក្រឡាហោម ស ខេង គូបញ្ជាក់ថា «ជោគជ័យដ៏ត្រចះត្រចង់នេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែង របស់អាជ្ញារធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញ ការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅ ដោយរលូនស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានភាពភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ