សម្ដេចក្រឡាហោម ស ខេង ប្រកាសថា ទោះបីមិនបានបន្តក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី ក៏នៅមានតួនាទីបំពេញបេសកកម្ម ដើម្បីជាតិ និងប្រជាជន តទៅទៀត
ព្រៃវែង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ទោះបីជា សម្ដេច មិនបានបន្ដក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីក៏ដោយ ក៏សម្ដេច នៅមានតួនាទីដើម្បីបំពេញបេសកម្ម សម្រាប់ប្រទេសជាតិ និងប្រជាជនតទៅទៀត។
សម្តេចក្រឡាហោម ស ខេង លើកឡើងបែបនេះនាឱកាស អញ្ជើញសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយទឹកស្អាតឃុំក្របៅ និងឃុំជាច ផ្លូវចាក់បេតុងឃុំក្របៅ និងសមិទ្ធផលនានាក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «បើទោះបីថាខ្ញុំក្ដី អ្នកមួយចំនួនទៀតក្ដី ចាស់ៗ មិនបានបន្តក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី ប៉ុន្តែក៏នៅតែមានតួនាទីដើម្បីបន្តបំពេញបេសកកម្មដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋតទៅទៀត»។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ដថា រាជរដ្ឋាភិបាលថ្មី នឹងបន្តអនុវត្តនូវគោលនយោបាយ នូវយុទ្ធសាស្រ្តសំខាន់ៗ ដែលរាជរដ្ឋាភិបាលចាស់ នីតិកាលទី៦ បានអនុវត្ត និងមិនទាន់បានអនុវត្តចប់សព្វគ្រប់ ដើម្បីធ្វើយ៉ាងណាពង្រឹងសុខសន្តិភាព និងស្ថិរភាពនយោបាយ ជាដើម។
សូមរំលឹកថា រាជរដ្ឋាភិបាលថ្មី សម្រាប់នីតិកាលទី៧ នឹងត្រូវដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឯកឧត្តម ជានាយករដ្ឋមន្រ្តី សម្រាប់ នីតិកាលទី៧ រួចរាល់ហើយដែរ៕EB