ក្រសួងមហាផ្ទៃ ណែនាំអភិបាលរាជធានី-ខេត្ត រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ សម្រាប់ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ សម្រាប់ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគបីឆ្នាំរំកិលរបស់ខ្លួន។
តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ផ្អែកតាមបទពិសោធជាងមួយទសវត្សរ៍ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ- មានសុវត្ថិភាព» ដោយទទួលបានលទ្ធផលជាមោទនៈ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការអនុវត្តគោលនយោបាយនេះ ពីការទទួលខុសត្រូវពីក្រសួងមហាផ្ទៃ ទៅជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានកែសម្រួលលក្ខណសម្បត្តិ ដែលផ្តោតតែលើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈទៅគ្របដណ្តប់លើវិស័យជាច្រើនដូចមានក្នុងលក្ខណ សម្បត្តិទាំង៧នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។
ក្រសួង បញ្ជាក់ថា «ដើម្បីជំរុញ និងលើកកម្ពស់ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល សូមណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំគម្រោង ឬសកម្មភាពនានាដែលពាក់ព័ន្ធនឹងការអនុវត្តគោល នយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគបីឆ្នាំរំកិលរបស់ខ្លួន»។
ក្រសួង បន្ដថា រដ្ឋបាលរាជធានី ខេត្ត ត្រូវវិភាជន៍ថវិកាសម្រាប់អនុវត្តគម្រោង ឬសកម្មភាពនានាដែលពាក់ព័ន្ធនឹង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព“ទៅក្នុងផែនការយុទ្ធសាស្ត្រថវិការបស់ខ្លួន ព្រមទាំងរៀបចំផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំស្ដីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព»៕