ភ្នំពេញ ៖ ធនាគារពិភពលោក (WB) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានសន្ទុះស្វាហាប់ឆ្ពោះ ទៅការស្តារឡើងវិញពេញលេញ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើន ក្នុងផ្នែកសេវាកម្ម និងកសិកម្ម។ ធនាគារពិភពលោក បានលើកឡើងដូច្នេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពអំពីសេដ្ឋកិច្ចកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។

របាយការណ៍នេះបង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២កន្លងទៅមានសភាពរឹងមាំ ដោយក្នុងនោះសម្រេចបានកំណើនក្នុងកម្រិត ៥.២ភាគរយ។ សន្ទុះងើបឡើងវិញ ក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម, ការធ្វើដំណើរ, និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ ទៅរកកម្រិតកំណើនដែលធ្លាប់មានកាល ពីមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងនោះ ការមកដល់នៃភ្ញៀវបរទេស មានការកើនឡើងខ្លាំងស្របពេលដែលកម្ពុជា ធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

ធនាគារពិភពលោក បន្ដថា ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជានេះ បានមកក៏ដោយសារថ្លៃទំនិញ ក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការរក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ និងទំនិញ នៅទូទាំងពិភពលោកផងដែរ។ វិស័យកសិកម្មរបស់កម្ពុជា កំពុងរីកវិសាលភាពរបស់ខ្លួន ដោយមានច្រកចូលទៅកាន់ទីផ្សារ ក្នុងតំបន់កាន់តែច្រើន បន្ទាប់ពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នៅក្នុងបរិបទនេះ ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ នឹងស្ទុះឡើងដល់កម្រិត ៥.៥ភាគរយ។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ដើម្បីរក្សាឲ្យបាននូវដំណើរងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា ចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផល និងទីដៅទេសចរណ៍ ឲ្យកាន់តែសម្បូរបែបថែមទៀត។ ជាមួយគ្នានេះ កម្ពុជាក៏ចាំបាច់ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនដែរ តាមរយៈការពង្រីកបណ្តាញផ្លូវគមនាគមន៍, កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលនីតិវិធីគយ ឲ្យកាន់តែរលូនថែមទៀត»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ