សម្ដេចក្រឡាហោម ស ខេង ឆ្លើយតបជុំវិញការចោទប្រកាន់ថា «ការបោះឆ្នោតលើកនេះ មិនមានគណបក្សប្រឆាំងចូលរួម»
បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លើយតបជុំវិញការចោទប្រកាន់ថា ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លើកនេះមិនមានគណបក្សប្រឆាំងចូលរួមការបោះឆ្នោត។
នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង នៃអនុវិទ្យាល័យព្រែកនរិន្ទ ស្ថិតនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា រាជរដ្ឋាភិបាល បានប្ដេជ្ញាឲ្យដំណើរការបោះឆ្នោតនេះ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។ សម្ដេច ថា ដំណើរការបោះឆ្នោតលើកនេះ មានគណបក្សនយោបាយចូលរួមចំនួន ១៨គណបក្ស។
សម្ដេចក្រឡាហោម គូសបញ្ជាក់ថា «មានការលើកឡើងថា ការបោះឆ្នោតនេះ មិនមានបក្សប្រឆាំងចូលរួមការបោះឆ្នោត ប៉ុន្ដែយើងពិនិត្យជារួមឃើញថា គណបក្សដែលបានចូលរួមបោះឆ្នោតសុទ្ធតែគណបក្សប្រកួតប្រជែង មិនមែនអត់មានទេ ព្រោះមិនដែរថា ចូលរួមប្រកួតប្រជែងហើយ ទៅគាំទ្រគណបក្សនយោបាយរបស់គេទេ ត្រូវគាំទ្រគណបក្សរបស់ខ្លួន ដូច្នេះវាមានប្រឆាំង វាមានប្រកួតប្រជែង ជាមួយគណបក្សមួយទៀត រាប់ទាំងគណបក្សកាន់អំណាចផង»។
លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានពន្យល់ថា «គណបក្សដែលមិនបានចុះឈ្មោះឆ្នោតនោះ ដោយសារគាត់បានធ្វើកំហុសដោយខ្លួនឯងទេ ក្នុងឋានៈជារដ្ឋាភិបាល បានបំពេញតាមសំណូមពររបស់គាត់ អ្វីដែលក្រសួងមហាផ្ទៃ បានឆ្លើយទៅគាត់ មិនធ្វើការប៉ានស្មានទេ។ បើមានការទិចទាញរិះគន់មកខ្ញុំ ថា ខ្ញុំ ធ្វើខុស ក៏អត់បានដែរ ព្រោះធ្វើសំណើររបស់គាត់»។
សម្ដេចក្រឡាហោម ក៏បានអនុញ្ញាតឲ្យលោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជួបពិភាក្សាជាមួយគណបក្សនយោបាយមួយ ចំនួន ៣លើ ដើម្បីរកវិធីដោះស្រាយ ក្រោយគណបក្សនោះ ធ្វើសំណើរសុំជួប សម្ដេច ស ខេង ឬតំណាង ទើប សម្ដេច ចាត់តំណាង ឲ្យជួបពិភាក្សាការងារជាមួយមន្ដ្រីគណបក្សនោះ។ សម្ដេច ថា ដូច្នេះដំណើរការបោះឆ្នោតលើនេះ នឹងប្រកបដោយលក្ខណៈត្រឹមត្រូវ និងស្របតាមច្បាប់ជាធរមាន៕EB