សម្ដេចក្រឡាហោម ស ខេង មានជំនឿថា នាយករដ្ឋមន្ដ្រីថ្មី នឹងដឹកនាំនាវាកម្ពុជា បន្តសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ខ្លាំងក្លាថែមទៀត
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានជំនឿយ៉ាងមុតមាំថា ក្នុងមុខតំណែងដ៏មានសារៈសំខាន់នេះ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថ្មី នឹងដឹកនាំនាវាកម្ពុជា បន្តឈានទៅសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ខ្លាំងក្លាថែមទៀត។
នេះបេីយោងតាមរយៈលិខិតអបអរសាទររបស់ សម្តេចក្រឡាហោម ស ខេង ផ្ញេីជូនចំពោះ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាឱកាសរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ បណ្ឌិត ហ៊ុន ម៉ាណែត ធ្វេីជានាយករដ្ឋមន្ត្រី។
សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ ឆ្លុះបញ្ចាំងការជឿទុកចិត្តលើគុណវុឌ្ឈិ បទពិសោធ និងសមត្ថភាពដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យខ្ពស់ ភាពប៉ិនប្រសព្វ ម៉ឹងម៉ាត់ ព្រមទាំងប្រកបដោយ សីលធម៌ គុណធម៌ ព្រហ្មវិហារធម៌ និងមនសិការស្នេហាជាតិ របស់កិត្តិទេសាភិបាលបណ្ឌិត តាមរយៈការរួមចំណែកសម្រេចបាននូវសមិទ្ធផលធំៗ ជូនជាតិមាតុភូមិ នាពេលកន្លងមក។
សម្ដេចក្រឡាហោម គូសបញ្ជាក់ថា "ខ្ញុំមានជំនឿ យ៉ាងមុតមាំថា ក្នុងមុខតំណែងដ៏មានសារៈសំខាន់នេះ ឯកឧត្តមកិត្តិទសាភិបាលបណ្ឌិត នឹងដឹកនាំ នាវាកម្ពុជា បន្តឈានទៅសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ខ្លាំងក្លាថែមទៀត បន្តធានាបានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព សិទ្ធិសេរីភាព ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ បម្រើដល់ឧត្តមប្រយោជន៍ ជូនសង្គមជាតិ និងប្រជាជន"៕