ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង់ឃើញកូនខ្មែរជំនាន់ ក្រោយនេះ កសាងស្ពានឆ្លងទន្លេ និងផ្លូវ ជាដើម ដោយខ្លួនឯង ហើយមិនជួលក្រុមហ៊ុនបរទេសមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល បែបនេះក្រោយពី ដូនតាខ្មែរ បានកសាងប្រសាទអង្គរវត្ត កសាងស្ពានបុរាណ ដែលបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ បានមើល និងទស្សនា ជាដើម។

ក្នុងពិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ និងនិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានសង្ឃឹមថា ថ្ងៃក្រោយនិស្សិតសិក្សានៅវិទ្យាស្ថានតេជោ សែន ចប់នឹងយកចំណេះដឹងរបស់ខ្លួន ទៅកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឲ្យបានរុងរឿងបន្ថែមទៀត។

លោកបានបញ្ជាក់ថា «ខ្ញុំចង់ឃើញកូនខ្មែរ ក្រុមហ៊ុនខែ្មរយើង សាងសង់ស្ពានឆ្លងកាត់ទន្លេមេង្គ ទន្លេបាសាក់ ទន្លេសាប ធ្វើស្ពានក្រោមដី ធ្វើផ្លូវក្រោមដី ជាដើម។ ថ្ងៃក្រោយយើងត្រូវតែមានលទ្ធភាពទាំងបច្ចេកទេស និងចំណេះដឹងរបស់យើង មកសាងសង់បាននៅកម្ពុជា»។

លោកបានបន្ដថា បច្ចុប្បន្នការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា បានជួលក្រុមហ៊ុនបរទេសមកសាងសង់ ដូច្នេះ កូនខ្មែរជំនាន់ក្រោយ នឹងអាចកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាខ្លួនឯងបាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ