សម្ដេច ស ខេង ណែនាំនគរបាលជាតិ ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ និងបង្កលក្ខណៈងាយស្រួល គ្រប់គណបក្សនយោបាយ
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងឋានៈជានគរបាលជាតិ ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ដើម្បីការពារ និងបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដល់គ្រប់គណបក្សនយោបាយ ដែលប្រកួតប្រជែងការបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខនេះ។
ក្នុងពិធីប្រគល់រថយន្ត ១៩គ្រឿងជូនដល់ វរសេនាតូចនគរបាលការពារព្រំដែន ដែលប្រចាំការនៅភូមិភាគទី១ ទី២ និងទី៣ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្តេច ស ខេង បានឲ្យដឹងថា ក្នុងឋានៈជានគរបាលជាតិ ត្រូវរៀបចំនូវផែនការពារចំពោះកិច្ចដំណើរការ នៃការបោះឆ្នោត ឃុំ-សង្កាត់ ប្រព្រឹត្តទៅរលូនក្នុងអាណត្តិថ្មីនេះ។
សម្ដេច មានប្រសាសន៍ថា «យើងមានភារកិច្ច ដើម្បីហ្នឹងការពារសុវត្ថិភាព ហើយបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដល់គ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់»។
សម្ដេច បន្ដថា មន្ដ្រីនគរបាលទាំងអស់ ក៏ត្រូវបង្កលក្ខណៈសម្បត្តិដល់គ្រប់ភាគីពាក់ព័ន្ធនានា ក្នុងការគាំទ្រកិច្ចដំណើរការនៃការបោះឆ្នោត ដើម្បីឲ្យការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា។
សម្ដេច មានប្រសាសន៍បន្ថែមថា «ក្នុងឋានៈយើងជានគរបាលជាតិ យើងត្រូវប្រកាន់នូវជំហរ អព្យាក្រឹត្យ ចំពោះគ្រប់គណបក្សនយោបាយ បានន័យថា យើងត្រូវមានភារកិច្ច ការពារគ្រប់គណបក្សនយោបាយ ដោយមិនបែងចែក មិនប្រកាន់ សម្រាប់គណបក្សដែលបានចុះឈ្មោញ ប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ»។
ឆ្លៀតឱកាសនោះ សម្ដេច ស ខេង បានលើកឡើងថា បទល្មើសបច្ចេកវិទ្យា ជាបទល្មើសថ្មី ជាក្តីកង្វល់ដែលកំពុងកើតមានឡើង ដូចជាការHack លួចឯកសារនៅធនាគារ ការលួចឯកសារនៅស្ថាប័នរដ្ឋ ឬករណីបំភ្លៃនូវសារណាមួយរបស់ថ្នាក់ដឹកនាំជាដើម។
សម្ដេច បញ្ជាក់ថា «វាជាករណីបទល្មើសថ្មីមួយ ដែលធ្លាប់កើតមានពីមុនមកមានដូចជា ករណីចោលួច ចោឆក់ ប្លន់ និងគ្រឿងញៀនជាដើម។ ហេតុដូចនេះត្រូវដឹកនាំមន្ត្រីនគរបាលជំនាញ និងលើកទឹកចិត្ត ដើម្បីខិតខំរកវិធីគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់បទល្មើសនេះ ព្រោះវាក៏ជាគ្រោះថ្នាក់មួយផងដែរ»៕