ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា សារធាតុគីមី ដែលគេលួចយកមកផលិតគ្រឿងញៀននៅប្រទេស មិនអាចកប់ចោលបានឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ជាពិសេស ស្រទាប់យុវវ័យ។

សម្ដេចក្រឡាហោម មានប្រសាសន៍បែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម បញ្ជាក់ថា «សារធាតុគីមីដែលគេលួចយកមកផលិតគ្រឿងញៀន មិនអាចកប់ចោលបានទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់សុខភាព ជាសាធារណៈ ជាពិសេសដល់ស្រទាប់យុវវ័យតែម្តង ដែលយើងបារម្ភ បើកាលណាវាបំផ្លាញសុខភាពយើង គឺបាត់បង់ធនធានមនុស្ស និងបាត់បង់ទំពាំងស្នងឬស្សីរបស់យើង»។

លើសពីនេះទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវ ដល់ពុកម្តាយក្រុមគ្រួសារ សូមមេត្តាគាំទ្រ និងចូលរួមគ្រប់គ្រងកូនចៅ ដោយមិនពឹងផ្អែកទាំងស្រុងមកលើអាជ្ញាធរ និងសាលារៀននោះទេ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីការពារសុខភាព ដល់កូនចៅរបស់ខ្លួន។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ រយៈពេល ១ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី ១ ខែមករា រហូតដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២។ ក្នុងគោលបំណង់ការពារកិត្តិយសប្រទេសជាតិ បញ្ចៀសឲ្យបាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្ម គ្រឿងញៀន សំដៅធ្វើឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម កាន់តែមានភាពល្អ ប្រសើរឡើងថែមទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ