ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា ទោះបីសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើវិស័យ សុខុមាលភាពនិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជនយ៉ាងណាក៏ដោយ ពួកគាត់នៅមានឧបសគ្គជាច្រើន ត្រូវរួមគ្នាដោះស្រាយបន្ដទៀត។

ក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ប្រារព្ធធ្វើឡើងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ សម្ដេច ស ខេង បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងសប្បុរសជនទាំងឡាយ ចូលរួមជំរុញកិច្ចការលើកស្ទួយសុខុមាលភាព និវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជនឱ្យមានជីវភាពប្រសើរឡើងថែម មួយកម្រិតទៀត។

សម្តេច គូសបញ្ជាក់ថា «ថ្វីត្បិតតែយើងសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងលើវិស័យ សុខុមាលភាពនិវត្តជនស៊ីវិល និងនិវត្តជនអតីតយុទ្ធជនយ៉ាងណាក៏ដោយ ក៏បងប្អូននិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន នៅមានឧបសគ្គជាច្រើន ទៀតដែលយើងត្រូវតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងនោះជាបន្ត បន្ទាប់ទៀត ក្នុងនោះយើងត្រូវបន្តពង្រឹង និងពង្រីកសេវា បណ្តុះបណ្តាល ជំនាញជាដើម ដើម្បីឲ្យបងប្អូននិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ទទួលបាន នូវសមត្ថភាព និងលទ្ធភាពដើម្បីអភិវឌ្ឍន៍ជីវភាពឲ្យកាន់តែល្អ ប្រសើរឡើងបន្ថែមទៀត»។

យោងតាមរបាយការណ៍របស់ ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និង យុវនីតិសម្បទា បានឲ្យដឹងថា មកទល់ពេលនេះមាននិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជនសរុបជាង ១០ម៉ឺននាក់ និងអ្នករស់នៅក្នុងបន្ទុក ចំនួន ប្រមាណជាង១៥ម៉ឺននាក់ ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយបើកផ្ដល់តាមប្រព័ន្ធធនាគារដៃ គូនៅទូទាំង២៥ រាជធានី ខេត្ត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ