នាយកដ្ឋានពត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា និងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩កន្លងមក អ៊ីនធឺណិតបានក្លាយជាមធ្យោបាយប្រើប្រាស់ប្រចាំថ្ងៃក្នុងអាជីវកម្ម ទំនាក់ទំនង ការកំសាន្ត និងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងពេលដំណាលគ្នានេះ បញ្ហាសុខសុវត្ថិភាពលើបណ្តាលអ៊ីនធឺណេត (Internet) ក៏ជាក្តីបារម្មណ៍ចំពោះអ្នកប្រើប្រាស់ពិសេសសម្រាប់កុមារៗ ដែលពុំទាន់យល់ច្បាស់អំពីហានិភ័យ និងបច្ចេកទេសការពារសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត ហើយក៏ជាបុគ្គលដែលងាយរងគ្រោះក្នុងបទល្មើសបច្ចេកវិទ្យា និងផលលំបាកដល់អាណាព្យាបាលរួមមាន៖

-  ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកច្រើនម៉ោង 

-  ប៉ះពាល់ដល់សុខភាព

-  ភាពងាយរងគ្រោះធ្លាក់ខ្លួនចូលក្នុងបទល្មើសបច្ចេកវិទ្យា

-  បែកធ្លាយព័ត៌មានឯកជនភាពរបស់គ្រួសារ 

-  កង្វះខាតការប្រាស្រ័យទាក់ទងរវាងអាណាព្យាបាល និងកុមារ

-  ការកំសាន្ត និងលេងល្បែង (Game) លើសកម្រិត

នាយកដ្ឋានព័ត៌មានវិទ្យា ៖ សូមណែនាំកម្មវិធីមួយចំនួនដែលលោកអ្នកអាចធ្វើការកំណត់ការប្រើប្រាស់ និងត្រួតពិនិត្យគ្រប់គ្រងឧបករណ៍អ៊ីនធឺណិតរបស់កូនៗ មានដូចខាងក្រោមនេះ៖

-  កម្មវិធី ភ្ជាប់សមាជិកគ្រួសាររបស់ក្រុមហ៊ុនgoogle (Google Family Link)៖ ជាកម្មវិធីឥតគិតថ្លៃក្នុងការប្រើប្រាស់ដែលអនុញ្ញាតឲ្យអាណាព្យាបាលទាញយកបានក្នុង Play Store និង App Store កំណត់រយៈពេលវេលាប្រើប្រាស់លើអេក្រង់ទូរស័ព្ទ និងអនុញ្ញាតឱ្យអាណាព្យាបាលយល់ពីរបៀបដែលកូនរបស់អ្នកចំណាយពេលវេលានៅលើឧបករណ៍ស្មាតហ្វូនរបស់ពួកគេ ការចែករំលែកទីតាំង គ្រប់គ្រងការកំណត់ឯកជនភាព និងមុខងារច្រើនទៀត។

-  កម្មវិធី តាមដានសកម្មភាពក្នុងបណ្តាញសង្គម (Qustodio)៖ ជាកម្មវិធីគិតថ្លៃ តែមានមុខងារជាច្រើនក្នុងការកំណត់សុវត្តិភាព និងតាមដានទីតាំង ការប្រើប្រាស់បណ្តាញសង្គម សារឆ្លើយឆ្លង និងសកម្មភាពនានានៅលើអ៊ីនធឺណិត។

-   កម្មវិធីតាមដានរយៈពេលនៃការប្រើប្រាស់ស្មាតហ្វូន (Apple Screen Time)៖  នេះជាមុខងារដែលភ្ជាប់មកជាមួយនៅលើឧបករណ៍ Apple ដែលជាមុខងារដែលមានប្រយោជន៍បំផុតដែលអាចត្រូវបានប្រើដើម្បីជួយលោកអ្នក និងគ្រួសារក្នុងការ គ្រប់គ្រងពេលវេលារបស់កុមារដែលបានចំណាយលើឧបករណ៍អេឡិចត្រូនិចកាន់តែមានប្រសិទ្ធភាព។

-  កម្មវិធីសុវត្ថភាពគ្រួសាររបស់Microsoft ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការWindow Microsoft (Microsoft Family Safety)៖ ក៏មានតួនាទីប្រហាក់ប្រហែលនិងកម្មវិធីខាងលើដែរ គ្រាន់តែកម្មវិធីនេះអាចធ្វើការកំណត់ទៅលើកម្មវិធី OS របស់ Window ដែលជាផលិតផលរបស់ក្រុមហ៊ុន Microsoft។

- ការបិទគេហទំព័រនៅលើឧបករណ៍ចែកចាយបណ្តាញអីនធឺណេត (Router) គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការរឹតបន្តឹងការចូលប្រើគេហទំព័រ ឬប្រភេទគេហទំព័រមួយចំនួនសម្រាប់ឧបករណ៍ទាំងអស់ដែលភ្ជាប់ទៅបណ្តាញ ដូចជាកុំព្យូទ័រ (Computer) ស្មាតហ្វូន (Smart Phone) និងថេប្លេត (Tablets)។ វាអាចមានប្រយោជន៍ជាពិសេសនៅក្នុងគ្រួសារដែលមានកូន ឬនៅក្នុងការកំណត់អាជីវកម្ម ដែលការចូលប្រើគេហទំព័រមួយចំនួនអាចត្រូវបានរឹតបន្តឹងសម្រាប់ហេតុផលសុវត្ថិភាព ឬផលិតភាព។

ជាចុងក្រោយនាយកដ្ឋានព័ត៌មានវិទ្យា ៖ សូមណែនាំដល់អាណាព្យាបាលគ្រប់រូបសូមមេត្តាយកចិត្តទុកដាក់លើកុមារក្នុងការប្រើប្រាស់ប្រព័ន្ធឲ្យបានត្រឹមត្រូវដើម្បីទទួលបាន និងទាញយកផលឲ្យបានច្រើន ជៀសវាងកុមារប្រើប្រាស់ក្នុងន័យអវិជ្ជមានធ្លាក់ខ្លួនក្នុងបទល្មើសបច្ចេកវិទ្យារបស់ជនខិលខូច និងមានបញ្ហាសុខភាពជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ