ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់មន្ដ្រីពន្លត់អគ្គិភ័យថា ដាច់ខាត មិនត្រូវទារថវិកាពីប្រជាពលរដ្ឋ នៅពេលចុះអន្ដរាគមន៍ពន្លត់អគ្គិភ័យឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់មន្ដ្រីពន្លត់អគ្គិភ័យថា ត្រូវប្រតិបត្តិការរបស់ខ្លួន ២៤ម៉ោង លើ២៤ម៉ោង នៅពេលប្រជាពលរដ្ឋជួបបញ្ហាអគ្គិភ័យ។

សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា «នៅកន្លែងខ្លះមុនហ្នឹងបាញ់ទឹកពន្លត់ ត្រូវនិយាយគ្នាសិន (និយាយរឿងលុយ) អាហ្នឹងអត់បានទេ។ ឡានអគ្គិភ័យ យើងបានចែកដល់ស្រុក ទោះបីមិនគ្រប់ក៏ដោយ ប៉ុន្ដែយើងបានដាក់កន្លែងស្រុកសំខាន់ៗ ហើយបែងចែកជួយនៅពេលបញ្ហា ត្រូវចល័តជួយគ្នា»។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកទឹកចិត្តដល់ប៉ុស្ដិ៍នគរបាល និងមន្ដ្រីនៅមូលដ្ឋានទាំងអស់ ត្រូវខិតខំបំពេញភារកិច្ច ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ។

លើសពីនេះ សម្ដេចក្រឡាហោម បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះ មេឃុំ, ស្មៀនឃុំ, ប៉ុស្ដិ៍នគរបាល, មេភូមិ និងប៉ុស្ដិ៍សុខភាព ដើម្បីឱ្យពួកគាត់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយមានប្រសិទ្ធភាពខ្ពស់។ សម្ដេច បានបន្ដថា ជាពិសេស ធ្វើយ៉ាងណាឱ្យប៉ុស្ដិ៍នគរបាល ជាប៉ុស្ដិ៍នគរបាលរបស់ប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋពឹងពាក់ធ្វើការងារ ធ្វើមិនឱ្យប្រជាពលរដ្ឋមានភាពភ័យខ្លាច ហើយមិនត្រូវគិតថ្លៃសេវា។ 

សម្ដេចក្រឡាហោម បន្ថែមថា បន្តពង្រឹងគុណភាពការងារនគរបាល និងសហគមន៍ ដោយត្រូវធ្វើការពិនិត្យ និងបំពេញបន្ថែមកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ-សង្កាត់ ដែលខ្វះខាតឱ្យមានចំនួនសមស្របតាមប្រជាសាស្ត្រ និងភូមិសាស្ត្រនៃ ឃុំ-សង្កាត់ នីមួយៗ ព្រមទាំង ការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈ, ការពង្រឹងអនុវត្តវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ, ការអប់រំកែប្រែឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងការផ្តល់មធ្យោបាយឧបករណ៍សម្ភារបំពេញការងារឱ្យបានសមរម្យ ដើម្បីពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ ជាបង្អែកដ៏រឹងមាំក្នុងចលនាអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពតាមឃុំ សង្កាត់ទូទាំងប្រទេស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ