សម្ដេចក្រឡាហោម ស ខេង ៖ ពលរដ្ឋមិនមានភាពកក់ក្ដៅ ទើបដាក់ពាក្យបណ្ដឹងតាមគេហទំព័ហ្វេស សម្ដេចផ្ទាល់
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រជាពលរដ្ឋមិនមានភាពកក់ក្ដៅជាមួយមន្ដ្រីថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ទើបមានពលរដ្ឋដាក់ពាក្យបណ្ដឹងតាមគេហទំព័ហ្វេសប៊ុក សម្ដេចក្រឡាហោម។
ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា គេហទំព័រហ្វេសប៊ុករបស់ សម្ដេច នាពេលបច្ចុប្បន្នទទួលសំណូមពរ និងបណ្ដឹងពីប្រជាពលរដ្ឋតាមរយៈ ខំមិន ហើយបណ្ដឹងភាគច្រើនពាក់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬអង្គភាពនានា។
សម្ដេច មានប្រសាសន៍ថា «បញ្ហានេះ យើងមើលមួយជ្រុងទៅហាក់ដូចជាវាល្អណាស់ ប៉ុន្ដែយើងមួយជ្រុងទៀតហាក់ដូចជាថា ប្រជាពលរដ្ឋលោក មិនកក់ក្ដៅ ជាមួយមន្ដ្រីរបស់យើងនៅខាងក្រោម បានជាលោក មកខាងលើ ទាមទារឱ្យខាងលើដោះស្រាយ»។
សម្ដេច បានណែនាំរាជធានី-ខេត្ត អង្គភាពក្រោមឱវាទ និងពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ នៅនឹងកន្លែង មិនត្រូវអើពើឡើយ ត្រូវយកចិត្តទុកដាក់បំផុត។
សម្ដេច បញ្ជាក់ថា «ខ្ញុំស្នើថា សូមឱ្យរាជធានី-ខេត្ត និងអង្គភាពក្រោមឱវាទ និងមន្ដ្រីទាំងអស់ ធ្វើយ៉ាងម៉េចទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋមានការអ្វី គាត់ទាក់ទងមកយកយើង ហើយដោះស្រាយនៅកន្លែង ដែលក្នុងដែនសមត្ថកិច្ចរបស់យើង ត្រូវខិតខំដោះស្រាយ»។
សម្ដេច បានណែនាំបន្ថែមថា អភិបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយប្រជាពលរដ្ឋ ទោះបី បញ្ហាតូច ឬធំ ក៏ដោយ មិនត្រូវបោះបង់ចោលឡើយ។ ដូច្នេះ ត្រូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋឱ្យបានជាប់ជានិច្ច។
លើសពីនេះទៀត សម្ដេច ស ខេង បានផ្ដាំផ្ញើថា រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសកម្មភាពចូលទន្ទ្រានកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យមាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរបស់រដ្ឋដោយខុសច្បាប់បន្តទៀត។ ក្នុងករណីរកឃើញការទន្ទ្រានកាន់កាប់ដីធ្លីនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ ត្រូវអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។
សម្ដេច បានបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានី ខេត្ត ត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទទាំងនោះឱ្យរីករាលដាល ស្មុគស្មាញ លំបាកដោះស្រាយ៕EB