ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាអាជ្ញាធរ ត្រូវលិខិត ដោះស្រាយទំនាស់ និងសកម្មភាពទាមទារតវ៉ានានា ក្នុងមូលដ្ឋានរបស់ខ្លួន ដោយសន្ដិវិធី និងបញ្ជៀសអំពើហិង្សា ជាដាច់ខាត។

ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា «អាជ្ញាធរ ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពអុចអាលបំផុសបំផុលញុះញង់ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរនៅក្នុងសង្គម។ ត្រូវខិតខំសហការសម្របសម្រួលដោះស្រាយទំនាស់ និងសកម្មភាពទាមទារតវ៉ានានានៅមូលដ្ឋានដោយសន្តិវិធី និងខិតខំបញ្ចៀសឱ្យបាននូវរាល់អំពើហិង្សាតាមគ្រប់រូបភាព»។

សម្ដេច បន្ដថា អាជ្ញាធរបន្តរួមគ្នារក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខជាតិឱ្យកាន់តែរឹងមាំ សំដៅធានាប្រក្រតីភាពនៃស្ថាប័នជាតិ, ធានាការពារព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ, សុវត្ថិភាពថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ, បង្កើនការការពារគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងសកម្មភាពវិនិយោគនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ