១១ខែឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០២០ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ថយចុះ ១៦២នាក់ និងអ្នករបួស ១១២០នាក់
ភ្នំពេញ ៖ នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងបញ្ជាក់ថា ក្រោយពីមានការរឹតបន្តឹងនូវច្បាប់ចររាចរណ៍ផ្លូវគោក ដើម្បីចូលរួមចំណែកកាត់បន្ថយបាននូវចំនួនគ្រោះថ្នាក់ចរាចរណ៍ អ្នករបួស និងអ្នក ស្លាប់ ដោយសារគ្រោះថ្នាក់ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១នេះ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ថយចុះ ១៦២នាក់ និងអ្នករបួសថយចុះ ១ ១២០នាក់ បើធៀបនឹង ១១ខែ ឆ្នាំ២០២០។
នាយឧត្តមសេនីយ ហ៊ឹម យ៉ាន បានថ្លែងដូចនេះ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសតំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធខ្សែភាពយន្តអប់រំរឿងខ្លី ស្តីពីសុវត្ថិភាពចរាចរណ៍ ដែលបានធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខា ដោយមានការចូលរួមពីលោក គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងពត៌មាន, លោក ទិត្យ ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក អេង គឹមហៃ ប្រធានសមាគម សហភាពយន្តនៃកម្ពុជា រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
នាយឧត្តមសេនីយ ហ៊ឹម យ៉ាន បានថ្លែងដូចនេះថា «រយៈពេល១១ ខែឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចនេះគ្នា ក្នុងឆ្នាំ២០២០ យើងបានបន្តធ្វើឱ្យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេស ចំនួនអ្នកស្លាប់ និងចំនួនអ្នករបួសថយចុះថែមទៀត គ្រោះថ្នាក់ថយចំនួន៥៣៣លើក ថយចំនួនអ្នកស្លាប់១៦២នាក់ និងថយចំនួនអ្នករបួសចំនួន ១១២០នាក់»៕EB