ភ្នំពេញ ៖នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដឹកនាំគណៈប្រតិភូរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១២-១៣ ឧសភា កន្លងទៅ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងដើម្បីដាក់ចេញនូវទិសដៅអនាគត នៃភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា  ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើជាសហប្រធានដឹកនាំសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលពិសេសនេះជាមួយ លោក ចូ បៃឌិន និងបានអញ្ជើញចូលរួមកម្មវិធីផ្សេងៗទៀត ជាអាទិ៍រួមមាន៖ ពិធីលៀងសាយភោជន៍ពេលល្ងាចថ្នាក់ប្រមុខរដ្ឋ/រដ្ឋាភិបាល, ពិធីអាហារការងារថ្ងៃត្រង់ជាមួយសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលរៀបចំទទួលដោយ លោក ណាន់ស៊ី ប៉េឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក, កិច្ចពិភាក្សារៀបចំធ្វើឡើងដោយលោកជំទាវ កាម៉ាឡា ហារីស អនុប្រធាននាធិបតីសហរដ្ឋអាមេរិក និងកម្មវិធីអន្តរកម្មនានា ជាមួយមេដឹកនាំធុរកិច្ចអាមេរិក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ