សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់ពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនពេលចូលឆ្នាំថ្មី ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខ ខណៈគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង។
យោងតាមសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាពេលថ្មីៗនេះ សម្ដេច ស ខេង បានថ្លែងថា «គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង ដែលអាចកើតឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស ឬខ្ជីខ្ជាមិនគោរពច្បាប់»។
សម្ដេច បន្ថែមថា ប្រជាពលរដ្ឋមិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត លើសពីនេះ ប្រជាពលរដ្ឋមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។ សម្ដេច ថា ប្រជាពលរដ្ឋត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
សម្ដេច បញ្ជាក់ថា ប្រជាពលរដ្ឋ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត ហើយមិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនងឡើយ។
ជាងនេះទៅទៀត សម្ដេច ស ខេង បានបញ្ជាក់ទៀតថា «សូមបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរ៉ឹង ចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។ ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូនគោរព អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុង ក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង»៕EB