សម្ដេចក្រឡាហោម ស ខេង អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ
ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
នាឱកាសនោះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ គឺជាការទទួលស្គាល់ នៃកម្រិតអប់រំដ៏ខ្ពង់ខ្ពស់បំផុតរបស់របស់ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដែលត្រូវផ្ដល់ជូនដល់ឥស្សរៈជន ឬបុគ្គលឆ្នើម ដែលមានកិត្តិយសខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធដ៏សំខាន់ៗ ស្របតាមបេសកកម្មរបស់ សាកលវិទ្យាល័យ។
លោករដ្ឋមន្ដ្រី បន្ដថា ក្រោយពីទទួលបានសំណើជាផ្លូវការ ក្នុងការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ជូនបេក្ខជន សម្ដេចក្រឡាហោម ស ខេង, គណៈកម្មាធិការវាយតម្លៃថ្នាក់បណ្ឌិត និងក្រុមប្រឹក្សាវិទ្យាសាស្ដ្រ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ បានរៀបចំកិច្ចប្រជុំវាយតម្លៃយ៉ាងយកចិត្តទុកដាក់ ដោយផ្អែកលើចំណុចសំខាន់ៗ ដូចជា ៖ សមិទ្ធផល និងវិជ្ជាជីវៈផ្ទាល់ខ្លួនរបស់ សម្ដេចក្រឡាហោម, ភាពច្នៃប្រឌិត និងលិចធ្លោក្នុងការបម្រើឱ្យសង្គមជាតិរបស់ សម្ដេចក្រឡាហោម, ភាពជាអ្នកដឹកនាំវិជ្ជាជីវៈ និងសង្គមរបស់ សម្ដេចក្រឡាហោម, ភាពល្បីល្បាញនៅថ្នាក់ជាតិ តំបន់ និងអន្ដរជាតិ លើវិស័យដែលបានស្នើឡើង, ការតាំងចិត្ត និងការអនុវត្តកន្លងមកចំពោះការអភិវឌ្ឍជាតិ និងការអប់រំ, ការឆ្លុះបញ្ចាំងពីបេសកកម្ម នូវតម្លៃស្នូរ តម្លៃបញ្ញា និងស្មារតីរបស់ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។
លោករដ្ឋមន្ដ្រី បន្ថែមថា ជាមួយគ្នាគណៈកម្មាធិការវាយតម្លៃថ្នាក់បណ្ឌិត បានពិនិត្យយ៉ាងម៉ត់ចត់នូវស្មារដៃទាំងឡាយរបស់ សម្ដេចក្រឡាហោម និងបានឯកភាពគ្នាជាឯកឆ័ន្ទ សម្រេចនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ថា ស្មារដៃរបស់ សម្ដេចក្រឡាហោម ក្នុងផ្នែកអភិវឌ្ឍជនបទ មានលក្ខណៈដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តម និងមានតម្លៃលើសលប់ទាំងផ្នែកសិក្សា សេដ្ឋកិច្ច និងសង្គម ក្នុងកម្រិតខ្ពស់ សម្រាប់ប្រគល់ជូនពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ជូនបេក្ខជន សម្ដេចក្រឡាហោម៕